ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Miss Universe Cambodia 2020 បង្ហាញ​បេក្ខភាពទាំង២០រូប ពោរពេញ​ដោយ​សមត្ថភាពខ្លាំងជាងឆ្នាំ​មុនៗ

២៦ តុលា ២០២០ | កម្សាន្ដ

សមាសភាពបេក្ខភាព Miss Universe Cambodia 2020 ទាំង២០រូបត្រូវបើកបង្ហាញជាផ្លូវការ ដោយឆ្នាំនេះបេក្ខភាពដែលចូលរួមប្រកួតមានសមត្ថភាពកាន់តែខ្លាំងជាងឆ្នាំកន្លងទៅ ទាំងរូបសម្រស់ និងកម្រិតភាសាអង់គ្លេស។

 

 

កម្មវិធីប្រកួត Miss Universe Cambodia 2020 កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានបើកបង្ហាញសមាសភាពបេក្ខភាព Miss Universe Cambodia 2020 ទាំង២០រូប ដោយបេក្ខភាពនិមួយៗពោរពេញដោយសមត្ថភាព និងរូបសម្រស់ស្រស់សោភា។

 

 

គួរឲ្យកត់សម្គាល់ បេក្ខភាពទាំង២០រូបដែលបានដាក់ពាក្យ ប្រកួតឆ្នាំនេះ បានត្រៀមខ្លួនយ៉ាងល្អ រីឯ ការប្រើប្រាស់ភាសាអង់គ្លេសវិញនោះ គឺរិតតែប្រសើរជាងឆ្នាំកន្លងទៅ។ នេះបើតាមការលើកឡើងរបស់លោក ម៉ែន និមលរតន៍ អ្នករៀបចំការប្រកួត Miss Universe Cambodia 2020។

 

 

អ្នករៀបចំរូបនេះបន្តថា ចាប់ពីថ្ងៃប្រកាសបេក្ខភាពជាផ្លូវការនេះតទៅ បេក្ខភាពទាំងអស់នឹងត្រូវធ្វើការជាមួយគ្នារយៈពេល៥សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃប្រកួតផ្តាច់ព្រាត់នៅចុងខែ វិច្ឆកា ឆ្នាំ២០២០ខាងមុខ។

 

 

សម្រាប់ការប្រកួត Miss Universe Cambodia 2020 មានសកម្មភាពខុសប្លែកច្រើនជាងសព្វមួយដង ដោយវិញ្ញាសារនិមួយៗរិតតែលំបាកជាងឆ្នាំមុនៗ។

 

 

ការពង្រឹងសកម្មភាពឲ្យកាន់តែខ្លាំងក្លាយ៉ាងដូច្នេះ ដោយសារអ្នករៀបចំការប្រកួតចង់ឃើញបេក្ខភាពប្រកួតកាន់តែរឹងមាំ ព្រោះការប្រកួត Miss Universe Cambodia 2020 ប្រៀបដូចការហ្វឹកហាត់សម្រាប់បេក្ខភាពទាំងអស់ ពិសេសសម្រាប់ជយលាភី Miss Universe Cambodia 2020 នៅពេលជាប់ការប្រកួត នឹងមានបទពិសោធន៍ច្រើន ដើម្បីត្រៀមចូលឆាកអន្តរជាតិដែលមានលក្ខណៈស្រដៀង និងប្រហាក់ប្រហែលគ្នា។

 

 

សកម្មភាពជាច្រើនដូចជា ការថតរូបផ្លូវការ ដំណើរកម្សាន្ត ការបង្ហាញឈុតតំណាងជាតិ និងសមត្ថភាពពិសេស។ ក្រៅពីនេះ ក៏មាននឹងមានសកម្មភាពចុះចែកអំណោយ ថតរូបមុខរូបសំណាកសម្តេចតា និងវិមានឯករាជ្យ រួមទាំងដំណើរកម្សាន្តតាមទីតាំងផ្សេងៗទៀតដែលខាងកម្មវិធីបានរៀបចំ។

 

 

តាមការបញ្ជាក់បន្ថែមរបស់អ្នករៀបចំ សម្រាប់ការថតរូបជាផ្លូវការរបស់បេក្ខភាពទាំង២០រូប គឺកាន់តែប្លែកដោយគំនិតនៃការថតរូបឆ្នាំនេះនឹងរំលឹកដល់អតីតកាលនៅសម័យដ៏រុងរឿងរបស់ប្រទេសកម្ពុជាដែលមានតារាសិល្បៈល្បីៗ។

 

 

 

អត្ថបទ៖ រ៉ាត់​ ចាន់ធីតា  រូបភាព៖ ឃាង​ ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024