ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ប្រធានគម្រោងរៀបចំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់ លោក ព្រំ រស្មី ថ្លែងប្រាប់ PNN SPORTS នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា លោកបានសម្រេចពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់នេះជាផ្លូវការហើយ ដោយត្រូវរង់ចាំដល់ចុងឆ្នាំ២០២០ទេីបគិតគូរបន្តទៀត ។
កត្តាចម្បងៗដែលបង្ខំឱ្យព្រឹត្តិការណ៍កីឡាតំបន់ភ្នំឱរ៉ាល់ខេត្តកពង់ស្ពឺនេះ ត្រូវបានពន្យារពេលរៀបចំ ក៏ព្រោះគណៈកម្មាការរៀបចំការប្រកួតជាប់រវល់ភារៈកិច្ចផ្ទាល់ខ្លួន។ មួយវិញទៀត ដោយសារវិបិត្តសេដ្ឋកិច្ច ស្របពេលការស្នើសុំការឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា ក៏ពុំទាន់បានធ្វើបន្ត ឯកីឡាករ កីឡាការិនី ដែលត្រៀមចូលរួមប្រកួតប្រជែង ក៏នៅបារម្ភពីការឆ្លងមេរោគកូវីដ១៩ទៀត ដូច្នេះហើយទើបគណៈកម្មារៀបចំ សម្រេចពន្យារពេលបែបនេះ។
«បើទោះបីជាជំងឺកូវីដរាងស្ងប់ស្ងាត់បន្តិចមែន តែក្រុម Organizer របស់យើងនៅរវល់រឿងផ្ទាល់ខ្លួនច្រើន ហើយភ្ជាប់ជាមួយនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច។ មួយទៀតទាក់ទងនឹងការធ្វើសំណើសុំ Sponsor ក៏យើងពុំទាន់បានធ្វើបន្ត ដើម្បីយកថវិកាមករៀបចំ ម្យ៉ាងបើយើងរៀបចំ ក៏មិនមានភាពទូលំទូលាយដោយអ្នកចូលរួម និងប្រជាពលរដ្ឋនៅឱរ៉ាល់ គាត់នៅមានការភ័យខ្លាចពីការជួបជុំនៅឡើយ។ អ៊ីចឹងគម្រោងហ្នឹង គឺយើងសម្រេចលើកពេលរៀបចំរហូតដល់ចុងឆ្នាំ ទើបយើងគិតគូរជាថ្មីបន្តទៀត»។
គួររំលឹកថា បើតាមគម្រោង ព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់លើកដំបូងនេះ ត្រូវរៀបចំអំឡុងខែឧសភាឆ្នាំ ២០២០នេះ។ គោលបំណងនៃការរៀបចំ គឺដើម្បីផ្សព្វផ្សាយ និងលើកស្ទួយពីវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដោយគ្រោងដាក់កីឡាច្រើនប្រភេទដូចជា ប្រណាំងរថយន្ត, ប្រណាំងម៉ូតូ និងកីឡារត់ប្រណាំង តែឥឡូវគម្រោងនេះត្រូវបានលេីកពេលសិន៕
អត្ថបទ៖ ងិន មករា