ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជាជាប់ជាប្រទេសរួសរាយរាក់ទាក់បំផុតក្នុងពិភពលោក

២៣ កញ្ញា ២០២០ | សេដ្ឋកិច្ច

កម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិមួយ ឈ្មោះ My International Movers បានចាត់ចំណាត់ថ្នាក់លំដាប់ទី១ ជាកំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក។ បន្ថែមពីនេះ ស្ថាប័នអន្តរជាតិមួយនេះ ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងក្លាយជាឋានសួគ៌នៃជនបរទេសយ៉ាងសន្សឹមៗ សម្រាប់ការមកធ្វើដំណើរកម្សាន្ដ និងស្នាក់នៅ។

 


ស្ថាប័ន My InternationaL Movers បានឲ្យដឹងទៀតថា ផ្អែកតាមទិន្នន័យដែលទទួលបាន គឺមាន៩២ ទៅ៩៦ ភាគរយ នៃជនបរទេស គឺបានយល់ស្របថា ប្រជាជនកម្ពុជាគឺពិតជាមានភាពរួសរាយរាក់ទាក់ចំពោះអ្នកមកពីចម្ងាយ ឬជនបរទេស។ ប្រភពបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា តែងតែត្រៀមខ្លួនសម្រាប់ជួយដល់អ្នកគ្រប់គ្នា និងស្វាគមន៍យ៉ាងកក់ក្ដៅ និងមានភាពអត់ធ្មត់។ 

 


ក្រៅតែពីការមកកម្សាន្ដនៅតំបន់ឆ្នេរសមុទ្រដ៏អស្ចារ្យ និងរាជធានីភ្នំពេញ ក៏ដូចជាកន្លែងជាច្រើនផ្សេងទៀតហើយនោះ ភ្ញៀវទេសចរបរទេស ក៏មិនអាចមើលរំលងបានឡើយនូវតំបន់រមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរណ៍ទី១ ដែលភ្ញៀវទេសចរបរទេសចង់ទៅកម្សាន្ដបំផុត។
ប្រទេសដែលបានជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានប្រជាជនរួសរាយរាក់ទាក់បំផុត បន្ទាប់ពីកម្ពុជា រួមមាន នូវែលសេឡង់, កាណាដា, ម៉ិកស៊ិក, ហ្វីលីពីន និង វៀតណាម។ 

 


របាយការណ៍ពីក្រសួងទេសចរណ៍ នៅ៧ខែឆ្នាំ២០២០នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១លាន២សែន នាក់ ធ្លាក់ចុះជាង ៦៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ គឺបណ្ដាលមកពី បញ្ហាមេរោគរាតត្បាតកូវីដ-១៩។

 

 

ទោះយ៉ាងណា នៅរយៈពេល ឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ កាលពីពេលកន្លងទៅនេះ គេសង្កេតឃើញថា សកម្មភាពទេសចរណ៍ ពិសេសទេសចរក្នុងស្រុកបានចេញធ្វើដំណើរកម្សាន្ដយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ តួយ៉ាង សម្រាប់រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌថ្មីៗនេះ មានភ្ញៀវទេសចរបានដើរកម្សាន្តតាមរមណីយដ្ឋានទូទាំងប្រទេសជាង ១លាន១សែននាក់៕

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024