ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ភាពយន្តចិនរកចំណូលបានជាង ២១០ លានដុល្លារក្នុងកំលុងទិវាពលកម្ម

០៦ ឧសភា ២០២៤ | កម្សាន្ដ

 

ប្រាក់ចំណូលពីការលក់សំបុត្រកុនរបស់ប្រទេសចិនក្នុងកំលុងពេលថ្ងៃឈប់សម្រាកទិវាកពលកម្មកន្លងទៅនេះបានកើនដល់ប្រហែល ២១០ លានដុល្លារអាមេរិក ខណៈមានភាពយន្តធំៗជាច្រើនចេញបញ្ចាំង។

 

 


ការទស្សនាភាពយន្តបានក្លាយជាសកម្មភាពកម្សាន្តដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋចិនក្នុងកំលុងពេលឈប់សម្រាកទិវាពលកម្មនាដើមខែឧសភា ជាមូលហេតុជំរុញឱ្យក្រុមហ៊ុនផលិតភាពយន្តជាច្រើនសម្រុកផ្សព្វផ្សាយនិងចេញបញ្ចាំងស្នាដៃធំៗរបស់ខ្លួនក្នុងពេលនេះ។

 

 

 

ជាក់ស្ដែង ភាពយន្តក្នុងស្រុកថ្មីចំនួនប្រាំបីរឿងត្រូវបានចេញបញ្ចាំងសម្រាប់ថ្ងៃឈប់សម្រាករយៈពេលប្រាំថ្ងៃកន្លងទៅ ដោយមានគ្រប់រសជាតិតាំងពីភាពយន្តគំនូរជីវចល ភាពយន្តបាញ់ប្រហារ កំប្លែង រន្ធត់ និងមនោសញ្ចេតនា។ ផ្អែកតាមគេហទំព័រប្រមូលទិន្នន័យលក់សំបុត្រកុនចិន Beacon Pro. (ប៊ីកខន់ ប្រូ) រយៈពេល ៥ថ្ងៃកន្លងទៅនេះ ទីផ្សារភាពយន្តចិនអាចរកចំណូលបានជាង ១៥០០ លានយន់ ស្មើនឹងប្រមាណ ២១០ លានដុល្លារអាមេរិក។

 

 

 

ក្នុងនោះភាពយន្តបែបបាញ់ប្រហារនិយាយពីបេសកកម្មប៉ូលីសរក្សាសន្តិភាពចិនរឿង "Formed Police Unit" សម្ដែងដោយ Johnny Huang (ចននី ហ័ង) និង Wang Yi Bo (វ៉ាង អ៊ីប៉ូ) បានគ្រងតំណែងកំពូលនៅលើតារាង Box Office ចិន ដោយអាចរកចំណូលបានប្រហែល 54.44 លានដុល្លារអាមេរិក ត្រឹមថ្ងៃអាទិត្យ។

 

 

 

 ចំណែកភាពយន្តកំប្លែង "The Last Frenzy" បានជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងចំណូល 51.22 លានដុល្លារ ស្របពេលភាពយន្តបែបឧក្រិដ្ឋកម្មហុងកុង រឿង "Twilight of the Warriors: Walled In" បានជាប់ចំណាត់ថ្នាក់លេខបីប្រចាំសប្ដាហ៍ដោយរកចំណូលបានប្រហែល 43.4 លានដុល្លារ គិតត្រឹមថ្ងៃអាទិត្យ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024