ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ទេសចរបរទេសមកកម្សាន្តនៅថៃ អាចនឹងចំណាយជាង ៣២០លានដុល្លារ អំឡុងពេលបុណ្យសង្រ្កានចូលឆ្នាំ

១៩ មេសា ២០២៤ | សេដ្ឋកិច្ច

 

តាមការស្ទង់មតិរបស់ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានរកឃើញថា ភ្ញៀវទេសចរបរទេស មកកម្សាន្តនៅប្រទេសថៃ នៅក្នុងអំឡុងពេលបុណ្យសង្រ្កានចូលឆ្នាំ ២០២៤នេះ គឺអាចចំណាយជាង ៣២០លានដុល្លារអាមេរិក។

 

 

នេះបើយោងតាមការចុះផ្សាយដោយ កាសែតក្នុងស្រុកថៃ នៅថ្ងៃនេះ។សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញក្តីរំពឹងថា ទឹកប្រាប់ជាង ៥ពាន់ ៤រយលានដុល្លារអាមេរិក នឹងចរាចរក្នុងប្រទេសថៃ ក្នុងអំឡុងពេលពិធីបុណ្យសង្រ្កានឆ្នាំនេះ ដោយក្នុងនោះ ៣២០លានដុល្លារអាមេរិក នឹងត្រូវចំណាយដោយភ្ញៀវបរទេសប្រមាណ ១០លាននាក់។

 


ប្រធានទីប្រឹក្សានៃមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចរបស់សាកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា ទោះបីជាទឹកប្រាក់ចំនួន ៣ពាន់ ៥រយលានដុល្លារអាមេរិក ត្រូវបានរំពឹងថា នឹងត្រូវចំណាយដោយប្រជាជនថៃ ក្នុងអំឡុងពេលពិធីបុណ្យ និងជំរុញកំណើនសេដ្ឋកិច្ច ២,៩% ប៉ុន្តែកំណើននៃការចំណាយក្នុងស្រុកថៃ គឺនៅតែយឺត។លោកបន្តថា កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំនេះ មិនមានភាពស៊ីសង្វាក់គ្នានៅទូទាំងប្រទេស ជាពិសេសនៅតាមខេត្ត។

 


ដោយឡែក អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានបង្ហាញទិន្នន័យទេសចរណ៍បរទេស រួមបញ្ចូលគ្នាពី អាជ្ញាធរទេសចរណ៍ថៃ និងការិយាល័យអន្តោប្រវេសន៍ ដោយបង្ហាញថា ភ្ញៀវទេសចរចំនួន ១០លាននាក់បានចូលមកប្រទេសថៃ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៩ ខែមេសា កើនឡើង ១៤៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ភ្ញៀវទេសចរ ភាគច្រើនមកពីប្រទេសចិនជិត ២លាននាក់ បន្ទាប់មកម៉ាឡេស៊ី ១លាន ២សែននាក់ និងជាច្រើនទៀតមកពី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។ជាចុងក្រោយ អាជ្ញាធរទេសចរណ៍ថៃ បានប៉ាន់ប្រមាណថា ប្រទេសថៃ នឹងទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ ២ពាន់ ៧រយលានដុល្លារអាមេរិក ពីការចំណាយរបស់អ្នកទេសចរក្នុងស្រុក និងបរទេសក្នុងអំឡុងពេលពិធីបុណ្យសង្រ្កាន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024