ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ប្រាសាទ ដាវីន រៀបរាប់សកម្មភាពមនុស្សធម៌ និងការនាំ Miss Universe 2023 មកទស្សនកិច្ចដល់មន្ទីរពេទ្យ

១៨ មេសា ២០២៤ | កម្សាន្ដ

 

ពិតជាពិសេសខ្លាំងណាស់ អ្នកនាង ប្រាសាទ ដាវីន បានរៀបចំឱ្យ កញ្ញា Sheynnis Palacios ចុះសាកសួរសុខទុក្ខទារកមានមាត់ឆែមពីកំណើតនៅអង្គការ Smile Cambodia  ខេត្តសៀមរាប ថែមទាំងបានរៀបរាប់ការងារទូតសុឆន្ទៈជាមួយ Smile Cambodia ឱ្យដឹងទៀតផង។

 

 

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា Sheynnis Palacios Miss Universe 2023 បានធ្វើដំណើរទស្សនកិច្ចទៅទីតាំងសំខាន់ៗជាច្រើនក្នុងទឹកដីខេត្តខេត្តសៀមរាប សម្រាប់ ដំណើរទស្សនកិច្ចលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា។

 

 

ក្នុងនោះ ក៏មានអង្គការ Smile Cambodia  នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដែល Sheynnis បានធ្វើទស្សនកិច្ច និងសាកសួរសុខទុកទារកមានមាត់ឆែមពីកំណើតដែលកំពុងសម្រាក និងរង់ចាំការវះកាត់ពីអង្គការ Smile Cambodia។ 

 

 

ក្នុងបទសម្ភាសន៍ផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អ្នកនាង ប្រាសាទ ដាវីន បានលើកឡើងថា នាងបានបំពេញការងារជាទូតសុឆន្ទៈ ជាមួយលោក ចាន់ គក់ឆយ ជានាយកប្រតិបត្តិអង្គការ Smile Cambodia ច្រើនឆ្នាំកន្លងមកហើយ ដោយបានព្យាបាលវះកាត់ក្មេងដែលមានមាត់ឆែបពីកំណើតច្រើនករណីមកហើយ។

 

 

ឆ្លៀតឱកាសនេះ អ្នកនាង ប្រាសាទ ដាវីន ដែលជាទូតសុឆន្ទៈអង្គការ Smile Cambodia និង ចាន់ គក់ឆយ នាយកប្រតិបត្តិអង្គការ Smile Cambodia ក៏បានបង្ហាញជំហរក្នុងការជួយដល់កុមារកម្ពុជាដែលជួបបញ្ហាឆែបពីកំណើតផងដែរ។ បន្ថែមពីលើនោះ អ្នកនាងក៏បានជំរុញលើកទឹកចិត្តអាណាព្យាបាលឱ្យកូនមានបញ្ហាទាំងអស់នេះឱ្យមកទទួលការព្យាបាលជាមួយ Smile Cambodia និងមិនមានអស់ប្រាក់កម្រៃអ្វីឡើយ។

 

 

ក្រឡេកទៅមើល ម្ចាស់មកុដ Miss Universe 2023 កញ្ញា Sheynnis Palacios ឯណោះវិញ បានបង្ហាញពីក្តីអាណិតស្រលាញ់ក្មេងៗជាពន់ពេលជាមួយនឹងការផ្តល់ភាពកក់ក្តៅការលើកទឹកចិត្តទៅកាន់ក្មេងៗទាំងនោះថែមទៀតផង។ ហើយនាងបានសរសើរពេញៗមាត់ និងពេញចិត្តខ្លាំងជាមួយឈុតពិសេសៗដែលកម្ពុជាបានរៀបចំជូន។ 

 

 

នាងថា វាមានភាពស្រស់ស្អាត មានអត្ថន័យ និងបង្ហាញពីអត្ថសញ្ញាណជាតិ ដែលមិនអាចកាត់ថ្លៃបាន និងបានបន្សល់ទុកនូវការចងចាំដ៏ល្អក្នុងជីវិតរបស់នាង។ Miss Universe 2023 ថែមទាំងនិយាយថា ប្រសិនមានឱកាសនាងនឹងនាំក្រុមគ្រួសារមកលេងកម្ពុជាទៀតផង៕

 


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024