ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តារាចម្រៀង ផល ភក្ត្រា ប្រកាសចូលសិល្បៈវិញ ក្រោយជួបវិបត្តិធ្ងន់ធ្ងរស្ទើរតែគិតខ្លី

២៨ មីនា ២០២៤ | កម្សាន្ដ

 

 

តារាចម្រៀងឯករាជ្យ លោក ផល ភក្ត្រា ដែលគ្រប់គ្នាស្គាល់ថា ជាម្ចាស់សំនៀងបទ «កុំភ្លេចបងណា»  «បងគិតដល់អូន» និងបទ «អាសូរអ្នកក្រ» បានប្រកាសខ្លួនវិលចូលវិស័យសិល្បៈជាថ្មីម្តងទៀត ក្រោយបាត់មុខពីវិស័យនេះអស់រយៈពេលជាង ២ ឆ្នាំ។

 

 

ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលលោកបាត់មុខពីសិល្បៈមួយរយៈធំនេះ គឺដោយសារបញ្ហា រឿងជីវិតផ្ទាល់ខ្លួន ការរកសុីខាតបង់ ត្រូវជួបបញ្ហាហិរញ្ញវត្ថុ ជួបមនុស្សរាប់អានបោកប្រាស់ច្រើន និងមួយវិញទៀត នោះគឺផ្តោតទៅលើមុខរបររកសុីខ្លួនឯងច្រើន រហូតមិនបានទទួលនូវការងារសិល្បៈ។

 

 

រយៈពេលដែលបាត់មុខនេះ លោកធ្លាប់មានអារម្មណ៍ចង់គិតខ្លីម្តងៗដែរ ដោយសារមានអារម្មណ៍ហត់នឿយនៅជីវិត រហូតមិនហ៊ានបញ្ចេញមុខក្នុងបណ្តាញសង្គម ហើយចាប់ពីពេលនោះលោកចាប់ផ្តើមឃ្លាតកាន់តែឆ្ងាយពីសិល្បៈ ទំនាក់ទំនងសិល្បៈក៏លែងសូវមាន ថែមទាំងបាត់មុខពីកញ្ចក់ទូរទស្សន៍ទៀតផង។

 

 

ក្រោយទទួលបានពាក្យពេចន៍លើកទឹកចិត្តពីមនុស្សជុំវិញខ្លួន គ្រួសារ និងបណ្តាហ្វេនៗ ផ្លូវចិត្តរបស់ម្ចាស់បទ «កុំភ្លេចបងណា» ហាក់ប្រសើរឡើងច្រើន ដោយលោកប្តេជ្ញាថា នឹងបន្តការងារសិល្បៈឡើងវិញ ពិសេសត្រៀមបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីៗជូនប្រិយមិត្តស្តាប់កម្សាន្តដូចពីមុនវិញ។

 


តារាចម្រៀងរូបសង្ហានេះឱ្យដឹងថា បច្ចុប្បន្នលោកទទួលបានឱកាសការងារពិសេសមួយពីបងប្រុសម្ចាស់ក្រុមហ៊ុន Merino ដែលជាក្រុមហ៊ុនសុខភាពឯកទេសខ្ពស់ ដែលបងប្រុសបានផ្តល់ឱកាសឱ្យលោកផលិតនូវកម្មវិធីសប្បុរសធម៌សម្រាប់ចាស់ជរា និងកម្មវិធីសំណើចផងដែរ។ 

 

 

ឆ្លៀតឱកាសនេះ តារាចម្រៀង ផល ភក្ត្រា សូមប្រកាសជាសាធារណៈថា លោកត្រឡប់ចូលវិស័យសិល្បៈវិញហើយ និងសំណូមពរដល់ពុកម៉ែបងប្អូនជួយគាំទ្រដល់រូបខ្ញុំបន្តឡើងវិញផង ជាពិសេស បណ្តាផលិតករ និងអ្នកផលិតកម្មវិធីទូរទស្សន៍ ក៏ដូចជាភ្នាក់ងារ agency ផ្សេងៗ អាចទំនាក់ទំនងហៅលោកធ្វើការងារសិល្បៈដូចពីមុនវិញបានហើយ។ ដើម្បីស្វាគមន៍ការវិលត្រឡប់វិញ ភក្ត្រា ក៏ត្រៀមចំណងដៃបទចម្រៀងថ្មីៗជាច្រើនសម្រាប់ពុកម៉ែបងប្អូនផងដែរ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024