ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

 សុខ ពិសី ពង្រីកមុខជំនួញថ្មី តែរឿងរៀបការនៅតែស្ងប់ស្ងាត់នៅឡើយ!

២៧ មីនា ២០២៤ | កម្សាន្ដ

 

 

តារាមច្រៀងល្បីឈ្មោះកញ្ញា សុខ ពិសី ផ្ដើមពង្រីកមុខជំនួញថ្មីរបស់ខ្លួនថែមមួយទៀត កាលពីព្រឹកមិញនេះ ខណៈដំណឹងរៀបការរបស់កញ្ញានៅតែស្ងប់ស្ងាត់នៅឡើយរហូតមកទល់នឹងពេលនេះ។

 


តារាមច្រៀងស្រីឈានមុខរបស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានពង្រីកមុខជំនួញអាជីវកម្មរបស់ខ្លួនថ្មីមួយទៀតហើយកាលពីព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ នេះ។ តែយ៉ាងណាក៏ដោយបើងាកទៅចាប់អារម្មណ៍រឿងគូជីវិតវិញ តារាល្បីឈ្មោះរូបនេះនៅតែស្ងប់ស្ងាត់នៅឡើយ។

 


ជារឿងមួយគួរឱ្យសរសើរខ្លាំងមែនទែនតារាចម្រៀងរូបនេះ មិនត្រឹមរក្សាតំណែងជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ។ សូម្បីតែជំនួញផ្ទាល់ខ្លួនរបស់នាងក៏ជោគជ័យខ្លាំងនឹកស្មានមិនដល់ផងដែរ។

 

 

តួយ៉ាង បន្ទាប់ពីជោគជ័យសាខាចំនួន ២ ដែលទី១នៅម្តុំបឹងកេងកង និងទី២នៅច្រមុះជ្រូកស្ទឹងមានជ័យ កញ្ញា សុខ ពិសី បានសម្រេចចិត្តពង្រីកសាខាថ្មីទី៣ របស់ ធីឡាយ នៅជិតវិទ្យាស្ថានភាសាបរទេស (IFL) ជាទីតាំងដ៏មានសក្កានុពលសម្រាប់អាជីវកម្មតែគុជដ៏ល្បីល្បាញមកពីប្រទេសម៉ាឡេស៊ី។

 

 

ម្ចាស់បទ «ដាំចិត្តស្មោះ ចាំស្នេហ៍ក្បត់» បានរៀបចំពិធីសម្ភោធជាផ្លូវការ ធីឡាយ សាខា IFL យ៉ាងអធិកអធមជាទីបំផុត នៅព្រឹកមិញនេះ ដោយមានការអញ្ញើញចូលរួមពីមិត្តរួមអាជីពយ៉ាងច្រើនកុះករ រួមមាន៖ តារាចម្រៀង ជ័យ សុវ៉ាត, វីរៈ និច្ច, ហ្សូណូ, រ៉ាប៊ី, សុខ រក្សា និងតារាល្បីៗជាច្រើននាក់ទៀត ញ៉ាំងឱ្យពិធីសម្ផោធសាខាថ្មីនេះរឹតតែមានភាពអ៊ូរអរ និងអធិកអធមខ្លាំងឡើង។

 

 

ផ្តល់បទសម្ភាន៍ជាមួយ PNN តារាចម្រៀង សុខ ពិសី ថា នាងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកសាខាថ្មីទី៣ នៅម្តុំ IFL ក្នុងគោលបំណងរំកិលខ្លួនទៅកាន់តែជិតអតិថិជនគោលដៅ ដែលសុទ្ធសឹងតែជាសិស្សនិស្សិតដែលកំពុងសិក្សនៅបណ្តាវិទ្យាល័យ វិទ្យាស្ថាន ព្រមទាំងសកលវិទ្យាល័យនានាក្នុងតំបន់នោះ។ 

 

 

កញ្ញា ជឿជាក់ថា សាខាទី៣នេះ នឹងនាំមកនូវបទពិសោធន៍ថ្មី និងប្លែកទៅកាន់អតិថិជនតាមរយៈការផ្តល់នូវទីតាំងធំទូលាយ មាផាសុកភាព កន្លែងអង្គុយសម្បូរបែប ដែលផ្តល់ភាពងាយស្រួលដល់ប្អូនៗនិស្សិតក្នុងការអង្គុយរៀន ឬធ្វើការជាក្រោមជាដើម។ ហើយដើម្បីរួមចំណែកលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការស្រាវជ្រាវបន្ថែម ធីឡាយ ផ្តល់ជូន Wifi ល្បឿនលឿន និងម៉ាស៊ីនព្រីនសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ ដែលនេះជាចំនុចពិសេសថ្មីប្លែកដែលតារាចម្រៀងរូបនេះផ្តល់ជូនទៅហ្វេនៗ និងអតិថិជនរបស់នាង។ 

 

 

កញ្ញា សុខ ពិសី សង្ឃឹមថា គ្រប់គ្នានឹងពេញចិត្តនូវអ្វីដែល ធីឡាយ បានផ្តល់ទៅឱ្យ ហើយកុំភ្លេចមកសាកល្បងភេសជ្ជៈថ្មី ម្ហូបអាហារជាច្រើនជម្រើសដែលជាការពេញនិយម ក៏ដូចជាទទួលយកបទពិសោធន៍ការដេគ័រថ្មីបែបទំនើបស័ក្កសមបំផុតសម្រាប់យុវវ័យសម័យថ្មីដែលចូលចិត្តការថតរូបស្អាតៗ។

 

ក្រៅពីការប្រកាសបើកដំណើរការសាខាថ្មីទី៣ របស់ ធីឡាយ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ក៏ធ្លាប់ប្រាប់ឱ្យដឹងថា នាងក៏ត្រៀមស្នាដៃចម្រៀងថ្មីៗជាច្រើនបទសម្រាប់កំដរអារម្មណ៍ប្រិយមិត្ត អ្នកគាំទ្រ ដើម្បីរាំលេងកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងផងដែរ។ ថ្វីដ្បិតតែចម្រៀងថ្មីទម្លាក់លើទីផ្សាររៀងយឺតបន្តិច តែនាងសប្បាយចិត្តដែលបានពាំនាស្នាដៃថ្មីៗមកកាន់ប្រជាជនកម្ពុជាទូទាំងប្រទេស៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024