ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

 ខេមរៈ សិរីមន្ត បង្ហាញពីមោទកភាពក្នុងវិថីសិល្បៈជិត ២០ ព្រោះមានបុរសខ្លាំងម្នាក់ឈរនៅពីក្រោយខ្នង 

២៥ មីនា ២០២៤ | កម្សាន្ដ

 

ស្របពេលដែលស្នាដៃរបស់ខ្លួនកំពុងល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស  ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីមោទកភាពរបស់ខ្លួនដែលបានតស៊ូអស់ពេល ២០ ឆ្នាំ នៅក្នុងវិស័យចម្រៀង រហូតបានចូលដល់ទីផ្សារអន្តរជាតិ ។  

 

 

តារាមច្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត បានបង្ហាញពីមោទកភាពរបស់ខ្លួនដែលទទួលបានជោគជ័យជាបន្តបន្ទាប់ពីការឈរជើងលើវិថីសិល្បៈជាង ២០ឆ្នាំមកនេះ ព្រោះតែមានបងប្រុសរបស់ខ្លួនលោក ខេមរៈ ភារុន ចាំជួយជ្រោមជ្រែងខ្លាំងនៅពីក្រោយ។

 

 

ប៉ុន្មានខែចុងក្រោយនេះស្នាដៃចម្រៀងរបស់តារាចម្រៀងមានងារជាឧកញ៉ារូបនេះ បានល្បីល្បាញពេញទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យលោកកាន់តែមានទឹកចិត្តក្នុងការបន្តធ្វើបទចម្រៀងដើម្បីបំរើអារម្មណ៍មហាជន ប៉ុន្តែទំរាំតែលោកអាចដើរមកដល់ផ្លូវនេះបាន គឺជីវិតរបស់លោកបានជួបនូវការលំបាកជាច្រើន ជាពិសេសគឺលោកទទួលបានការជួយជ្រោមជ្រែងខ្លាំងពីបុរសម្នាក់នៅពីក្រោយខ្នង ក្នុងរយៈពេលជិត ២០ ឆ្នាំនេះ ។

 

 

ជួបជាមួយតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra កាលពីពេលថ្មីៗនេះ លោកបានរៀបរាប់ប្រាប់ថា កាលពីមិនទាន់ក្លាយទៅជាតារាចម្រៀងអាជីព រូបលោកធ្វើបទចម្រៀង និង ច្រៀង ស្តាប់តែខ្លួនឯងនិង គ្រួសារ ពេលលោកពញវ័យកាលណា លោកបានប្រលង និងចូលច្រៀងក្នុងផលិតកម្មដើម្បីធ្វើបទចម្រៀងជូនបងប្អូនទាំងប្រទេសស្តាប់ ហើយចុងក្រោយក៏បានល្បីទៅឆាកអន្តរជាតិ ។ 

 


ជាការពិតថាបន្ទាប់ពីបានចេញបទចម្រៀង « Call Me Papa » នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវាត្រា មក តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ហើយថ្មីៗនេះលោកថែមទាំងបានចេញបទចម្រៀងថ្មីៗជាច្រើនផ្សេងទៀតដើម្បីបំរើអារម្មណ៍ទស្សនិកជន ជាក់ស្តែងតាមរយៈបទចម្រៀង « អូនរាំអែន » ដែលជាស្នាដៃថ្មីរបស់លោក គឺកំពុងតែផ្ទុះខ្លាំងទាំងក្នុងនិងក្រៅប្រទេស មិនចាញ់បទចម្រៀង « Call Me Papa » ឡើយ ។

 


មកទល់ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រលូកក្នុងវិស័យចម្រៀងខ្ទង់ ២០ ឆ្នាំហើយ ហើយក៏ទទួលបានបទចម្រៀងក្រាស់ក្រែងដែរ ជាពិសេសលោកទទួលបានការជួយជ្រោមជ្រែងខ្លាំងពីលោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតផង និង ជាទីព្រឹក្សាផ្ទាល់របស់លោកផង ។ តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់បន្ថែមថា ទំរាំតែលោកអាចឈរជើងបានក្នុងវិស័យចម្រៀងបាន រហូតឈានទៅដល់អន្តរជាតិដូចសព្វថ្ងៃនេះ គឺលោកឆ្លងកាត់ និង ជួបនូវការលំបាកជាច្រើន ។  
 


ពេលដែលរំលឹកដល់លោក ខេមរៈ សិរីមន្ត បានធ្វើឱ្យលោក ខេមរៈ ភារុណ ដែលជាបងប្រុស មានអារម្មណ៍ក្តុកក្តួលចិត្ត ស្ទើរតែស្រក់ទឹកភ្នែក ដោយបាននិយាយថា លោកពិតជាមានមោទនភាពខ្លាំងចំពោះលោក ខេមរៈ សិរីមន្ត ដែលជាប្អូនប្រុសខ្លាំងណាស់ គាត់បានតស៊ូយ៉ាងលំបាក ជួបនូវព្យុះភ្លៀងរាប់មិនអស់ ទំរាំតែអាចឈរជើងបានដូចសព្វថ្ងៃនេះ ជាពិសេសគាត់បានជួយក្រុមគ្រួសារច្រើន គាត់គឺជាប្អូនប្រុសដ៏ល្អបំផុតសម្រាប់លោក ។

 

 

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ តារាចម្រៀង ខេមរៈ សិរីមន្ត ត្ររៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ទស្សនិកជន រាំលេងកម្សាន្តនៅក្នុងឱកាសនេះ ៕  

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024