ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទើបចេញបញ្ចាំងសប្ដាហ៍ដំបូង ភាពយន្តគំនូរជីវចល “Kung Fu Panda” វគ្គ៤ អាចកើបចំណូលទូទាំងពិភពលោកបានដល់ ៩៣ លានដុល្លារ និងក្លាយជាភាពយន្តលេខ ១លើតារាង Box Office អាមេរិកប្រចាំសប្ដាហ៍។
គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ភាពយន្តគំនូរជីវចលថ្មីពី Dreamworks Animation គឺ “Kung Fu Panda 4” អាចរកចំណូលនៅសហរដ្ឋអាមេរិកបាន ៦២លានដុល្លារ ព្រមទាំងចំណូលពីការបញ្ចាំងនៅប្រទេសផ្សេងៗជាង ៣០លានដុល្លារទៀត ធ្វើឱ្យចំណូលសរុបក្នុងសប្ដាហ៍ដំបូងរបស់ភាពយន្តនេះឡើងដល់ ៩៣លានដុល្លារអាមេរិក។
សម្រាប់ចុងសប្ដាហ៍កន្លងទៅ ភាពយន្តនេះបានឡើងដល់ចំណាត់ថ្នាក់លេខ ១លើតារាង Box Office បន្ទាប់ពីអាចរកចំណូលបាន ៥៨លានដុល្លារក្នុងរយៈបញ្ចាំង ៣ថ្ងៃដំបូង ដែលជាតួលេខខ្ពស់ជាងការរំពឹងទុកបើប្រៀបធៀបនឹងវគ្គមុនៗដែលចំណូលមានការធ្លាក់ចុះជានិច្ចពីមួយវគ្គទៅមួយវគ្គ។
រំឭកឡើងវិញ ភាពយន្ត “Kung Fu Panda” វគ្គដំបូងដែលចេញកាលពីឆ្នាំ២០០៨ អាចរកចំណូលនៅអាមេរិកបាន ៦០លានដុល្លារក្នុងសប្ដាហ៍ដំបូង វគ្គ២ ចេញនៅឆ្នាំ២០១១ អាចរកបាន ៤៧ លានដុល្លារនៅសប្ដាហ៍ដំបូង និងវគ្គ ៣ ចេញនៅឆ្នាំ២០១៦ អាចរកចំណូលបាន ៤១ លានដុល្លារនៅសប្ដាហ៍ដំបូង។
សរុបចំណូលគ្រប់វគ្គទូទាំងពិភពលោក សែស្រឡាយភាពយន្តគំនូរជីវចលមួយនេះអាចរកបាន ១,៨ ពាន់លានដុល្លារហើយ និងមានការរំពឹងថាអាចឈានដល់ ២ ពាន់លានដុល្លារទម្រាំវគ្គ ៤ ឈប់បញ្ចាំង។
គួរបញ្ជាក់ថា សម្រាប់វគ្គ ៤ នេះ “Kung Fu Panda” ក៏មានការរួមបញ្ចូលសំឡេងពីតារាសម្ដែងស្រី Awkwafina (អាខ្វាហ្វីណា) ជាតួបិសាចកញ្ជ្រោង Zhen (ចេន) ខណៈតួអង្គខ្លាឃ្មុំផេនដា Po (ផ) ត្រូវបានបញ្ចូលសំឡេងដោយតារាកំប្លែង Jack Black ដដែល ៕
ប្រែសម្រួល៖ វ៉ាន់ថន