ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ស្ទើរកក្រើកក្រុងគ្រាន់តែពិធីជប់លៀងមុនរៀបការរបស់កូនពៅមហាសេដ្ឋី ឥណ្ឌា

០១ មីនា ២០២៤ | កម្សាន្ដ



ពិធីជប់លៀងមុនរៀបការរបស់កូនពៅមហាសេដ្ឋីមានជាងគេនៅឥណ្ឌា ក៏ដូចជានៅអាស៊ី បានទាក់ទាញការចាប់អារម្មណ៍របស់មហាជនជាច្រើនខណៈមានការចូលរួមពីមហាសេដ្ឋី និងតារាល្បីៗលំដាប់ពិភពលោកចូលរួម។

 

 


មហាសេដ្ឋីឥណ្ឌា និងជាមហាសេដ្ឋីមានជាងគេប្រចាំទ្វីបអាស៊ី លោក Mukesh Ambani (មុកខេស អាមបានី) នឹងចាប់ផ្តើមកម្មវិធីជប់លៀងមុនរៀបការដ៏ធំរយៈពេល ៣ ថ្ងៃនៅថ្ងៃសុក្រ ទី១ ខែមីនានេះសម្រាប់កូនប្រុសពៅរបស់ខ្លួនឈ្មោះ Anant (អាណាន់) ដែលគ្រោងនឹងរៀបការជាមួយមិត្តស្រីឈ្មោះ Radhika Merchant (រ៉ាត់ហ៊ីកា មើឈេន)។

 

 


ឧទ្ធម្ភាគចក្រមហាសេដ្ឋី និងតារាល្បីៗ ព្រមទាំងការសម្តែងរបស់តារាចម្រៀង Rihanna គឺជាអ្វីដែលគ្រោងទុកសម្រាប់ព្រឹត្តិការណ៍ ៣ថ្ងៃនេះ ដែលនឹងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវកិត្តិយសចំនួន ១២០០ នាក់ ធ្វើឡើងនៅជិតរោងចក្រចម្រាញ់ប្រេងសំខាន់របស់ក្រុមហ៊ុន Reliance (រេឡាយអេនស៍) ដែលគ្រប់គ្រងដោយលោក Ambani នៅរដ្ឋ Gujarat (គូចារ៉ាត់)។

 

 


គួរបញ្ជាក់ថា កូនកំលោះ Anant គឺជានាយកគ្រប់គ្រងមួយរូបសម្រាប់អាជីវកម្មថាមពលថ្មីរបស់ក្រុមហ៊ុន Reliance និងជាកូនម្នាក់ក្នុងចំណោមកូនបីនាក់ដែលជាអ្នកស្នងមរតកអាណាចក្រជំនួញរបស់មហាសេដ្ឋី Ambani ខណៈទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះមានសរុបជិត ១១៦ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២៤នេះ។

 

 

 

ចំណែកកូនក្រមុំ Merchant គឺជានាយកគ្រប់គ្រងនៅក្រុមហ៊ុនផលិតឱសថ Encore Healthcare ប្រទេសឥណ្ឌា។ពិធីមង្គលការរបស់ពួកគេនឹងត្រូវប្រារព្ធឡើងផ្លូវការក្នុងខែកក្កដា ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024