ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា ប្រកាសដាក់អោយដំណើការកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ដើម្បីជួយយុវជនជាង ១២០០០នាក់ នៅខេត្តចំនួន៥កម្ពុជា

២១ កក្កដា ២០២០ | ព័ត៌មានជាតិ

កម្ពុជាវិធីអភិវឌ្ឍន៍ជំនាញ(SDP)ដំណាក់កាលទី២ត្រូវបានប្រកាសដាក់អោយដំណើរការហើយកកាលពីព្រឹកមិញនេះ ខណៈប្រទេសស្វីសអះអាងថា នឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ TVET ក្នុងប្រទេសកម្ពុជា ដែលចាប់ផ្ដើមដំណើរការពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដើម្បីបន្តជួយដល់យុវជនចំនួន១២០០០នាក់នៅបណ្ដាខេត្តចំនួន៥។

 


នឹងមានអ្នកទទួលផលដោយផ្ទាល់សរុបប្រហែល ១២.០០០នាក់ ដែលភាគច្រើនមកពីខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី និងដោយប្រយោលតាមរយៈការអន្តរាគមន៍បណ្តុះបណ្តាលជំនាញក្នុងដំណាក់កាលទី២។       យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបប្រមាណ ៥.០០០នាក់ នឹងទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព និងការផ្សារភ្ជាប់ពួកគេទៅនឹងកន្លែងការងារ។ 

 


ក្រៅពីនេះ ក៏មានយុវជនងាយរងគ្រោះជិត ៧.០០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលដោយប្រយោល តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលតាមបណ្តាខេត្តនានាខណៈកម្មវិធីអភិវឌ្ឍន៍ជំនាញផ្តោតកាន់តែខ្លាំងលើកម្រិតស្ថាប័ន និងនិរន្តរភាព ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ខណៈអ្នកទទួលផលជាង ៩០០នាក់ ផ្សេងទៀត ជាគ្រូបង្គោល បុគ្គលិក និងអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងស្ថាប័នបណ្តុះបណ្តាលក្នុងតំបន់ នឹងទទួលបានអត្ថប្រយោជន៍ពីការកសាងសមត្ថភាពទៅតាមជំនាញរៀងៗខ្លួន។ 

 


បើតាមឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហការនិងអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ព្រោះកម្មវិធីនេះនឹងដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រប្រព័ន្ធ TVET នៅកម្ពុជា ជាពិសេសក្នុងការបង្កើតអោយមានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់ជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបក្នុងខេត្តគោលដៅទាំងប្រាំខាងលើ។ 

 


ដោយឡែកលោកស្រី Nadia Ottiger  អនុប្រធានកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការបានចាត់ទុកថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) គឺជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស្វីស ព្រោះវាជាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ គោលបំណងសំខាន់របស់គម្រោងនេះក៏ដើម្បីលើកកម្ពស់ TVET ជាជម្រើសដែលទាក់ទាញ និងមានតម្លៃសម្រាប់យុវជន ដើម្បីភាពរីកចម្រើនរបស់ពួកគេ ក៏ដូចជាវិបុលភាពនៃប្រទេសកម្ពុជាផងដែរ។ TVET មិនមែនជាជម្រើសចុងក្រោយទេ ប៉ុន្តែវាជាជម្រើសមួយក្រៅពីជម្រើសផ្សេងទៀត។


សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ត្រូវបានអនុវត្តន៍ដោយជោគជ័យពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ដោយបានគាំទ្រយុវជនងាយរងគ្រោះជិត៤០០០នាក់អោយមានឱកាសរកប្រាក់ចំណូល និង  ឱកាសការងារ ផងដែរ៕

អត្ថបទ៖ សំ ជំនាញ,    រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024