ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

កម្ពុជា អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ៦វិស័យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់គាំទ្រ និងអនុវត្តក្នុងវិស័យ TVET

២៣ កញ្ញា ២០២០ | ព័ត៌មានជាតិ

គណៈកម្មាធិការជាតិបណ្តុះបណ្តាល បានផ្តល់យោបល់ឯកភាពអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ៦វិស័យ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របពេលទីផ្សារការងារកំពុងមានតម្រូវការខ្លាំង។

 


បើតាមឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រូីក្រសួងការងារជាប្រធានដឹកនាំអង្គប្រជុំ កន្លងមកគណៈកម្មាធិការជាតិបណ្តុះបណ្តាល ធ្លាប់បានអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលនយោបាយមួយចំនួនសម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលតាមវិស័យអាទិភាពលើមុខរបរ ដែលទីផ្សារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគតជាច្រើនរួចមកហើយ។ កញ្ចប់ស្តង់ដាបណ្តុះបណ្តាលនេះ គឺជាឯកសារគោលក្នុងការកំណត់សមត្ថភាពសំខាន់ៗ ដូចជា សមត្ថភាពមូលដ្ឋាន ឬសមត្ថភាពគាំទ្រការបំពេញការងារ (ជំនាញទន់) និងសមត្ថភាពស្នូល (ជំនាញបច្ចេកទេសបំពេញការងារ) ជាដើម។

 


លោកបន្តថា កញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦ វិស័យនោះ មានមុខរបរចំនួន ៣៣ មុខ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌជាតិកម្ពុជា (CQF) ក្នុងនោះមានវិស័យសំណង់មាន ៨ មុខរបរ វិស័យមេកានិកមាន ៧ មុខរបរ វិស័យអគ្គិសនី និងថាមពលមាន ៥ មុខរបរ, វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤ មុខរបរ, វិស័យកម្មន្តសាលមាន ៧ មុខរបរ វិស័យបរិក្ខារត្រជាក់ និងកម្ដៅមាន ២ មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត ១។

 


បើតាមរដ្ឋមន្ត្រីខាងលើ ការងារនេះគឺសម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន (AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (CBACS) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននេះ។

 


គួររំលឹកថា កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ បានអនុម័តលើគោលនយោបាយមួយចំនួន សម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាឯកសារសំខាន់ៗគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌជាតិកម្ពុជា និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024