ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

តើរាជរដ្ឋាភិបាលមានយុទ្ធសាស្ត្របែបណា ដើម្បីជំរុញការបង្កើតការងារនៅអំឡុងពេលវិបត្តិកូវីដ-១៩?

១៤ កក្កដា ២០២០ | សេដ្ឋកិច្ច

ដូចជាយើងបានដឹងគ្រប់គ្នាហើយថា វិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាលជាសកលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកំពុងដាំក្បាលចុះ ខណៈសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មនានាក៏ត្រូវបានរាំងស្ទះផងដែរ។ ក្នុងនោះ កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នាដែរ ដោយសកម្មភាពសេដ្ឋកិច្ចមួយចំនួនបានជួបបញ្ហា ដោយសារតែឥទ្ធិពលដ៏អាក្រក់នៃវិបត្តិកូវីដ-១៩នេះ ពិសេសវិស័យកាត់ដេរ និងទេសចរណ៍ ដោយមានរោងចក្រសហគ្រាសមួយចំនួនបានព្យួរប្រតិបត្តិការ និងខ្លះទៀតក៏បានបិទទ្វារផងដែរ ហើយវាក៏បានប៉ះពាល់ដល់ការងារកម្មករនិយោជិតរាប់ម៉ឺននាក់។ តើនៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្របែបណាដើម្បីជំរុញបង្កើតការងារជូនពលរដ្ឋ?


ឆ្លើយតបទៅនឹងសំណួរនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិកាប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការបង្កើតការងារជូនដល់ពលរដ្ឋដែលបានប៉ះពាល់ការងារនៅអំឡុងពេលវិបត្តិកូវីដ-១៩នេះគឺជាបញ្ហាធំមួយ ហើយបើរាជរដ្ឋាភិបាលធ្វើបាន នោះរដ្ឋនឹងលែងចាំបាច់ត្រូវការចំណាយជួយឧបត្ថម្ភទៅកាន់ពួកគាត់តាមរយៈកម្មវិធីជំនួយសង្គមនោះឡើយ។ ក្នុងនោះដែរ វិស័យកសិកម្ម គឺបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការស្រូវទាញកម្លាំងពលកម្មនៅអំឡុងពេលដ៏លំបាកនេះ។


ឯកឧត្តម វង្សី វិស្សុត ក៏បានបន្ថែមទៀតថា ទោះបីជានៅក្នុងអំឡុងពេលកូវីដ-១៩ នេះ រាជរដ្ឋាភិបាលមានការការបន្ថយលើការចំណាយមិនចាំបាច់ជាច្រើនក៏ពិតមែន ប៉ុន្ដែ សម្រាប់ការវិនិយោគនៅតាមទីជនបទ ពិសេសបម្រើដល់វិស័យកសិកម្ម គឺនៅតែបន្ដ និងពង្រីកកាន់តែធំថែមទៀត ក្នុងទិសដៅជួយបង្កើតការងារក្នុងស្រុកផង និងជំរុញការផលិតកសិកម្មផ្គត់ផ្គង់ទីផ្សារ និងការនាំចេញផង។

 

 

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ ចំនួនរោងចក្រកាត់ដេរប្រតិបត្តិការបានកើនឡើងដល់ជាង៤៥០ រោងចក្រហើយ និងបានប៉ះពាល់ដល់ការងារកម្មករនិយោជិតជាង១៣ម៉ឺននាក់។


គួរបញ្ជាក់ថា បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលបាននិងកំពុងចាយថវិកាជាតិជាង១ពាន់១រយ លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩។ ដោយក្នុងនោះ ការចំណាយជួយឧបត្ថម្ភលើកម្មកដែលត្រូវរព្យួរការងារមានប្រមាណ ១០០លានដុល្លារអាមេរិក និងការចំណាយជួយឧបត្ថម្ភសម្រាប់ជនក្រីក្រងាយរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ប្រមាណ២៥លានដុល្លារក្នុងមួយខែ ខណៈកញ្ចប់ថវិកានេះមាន ២០០លានដុល្លារអាមេរិក៕ 


អត្ថបទ៖ ចាន់ ភារម្យ 


 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024