ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកអប់រំឌីជីថល ប្រាប់សិស្សប្រឡងបាក់ឌុបមិនជាប់ ឱ្យឆ្លៀតរៀនតាមឌីជីថល

២០ មករា ២០២២ | ព័ត៌មានជាតិ


ប្អូនៗដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬ បាក់ឌុប មិនទាន់បានជាប់ សូមកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត កុំតូចចិត្ត ចូរស្វែងរកការសិក្សាបន្តទៅទៀត ទៅតាមចំណង់ចំណូលចិត្ត និង ភាពជាក់ស្តែងរៀងៗខ្លួន ។ បច្ចុប្បន្ននេះ ប្អូនៗមានលទ្ធភាពច្រើន មានធ្យោបាយច្រើន មានជម្រើសច្រើនក្នុងការសិក្សាអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និង សម្រាប់ប្រទេសជាតិ ។

 

 

ក្នុងន័យនេះ ប្អូនៗ អាចឆ្លៀតពេលតាមភាពជាក់ស្តែងរបស់ខ្លួន សិក្សាតាមកម្មវិធីឌីជីថលនានា ដូចជាតាមរយៈ App របស់ E-school Cambodia ឬ តាមរយៈ App របស់ កម្មវិធី MoEYS E-Learning ជាដើម ដែលប្អូនៗអាចរៀននៅពេលណា ម៉ោងណា និង នៅទីណាក៏បាន ។ នេះគឺជាសារជាសំឡេងរបស់លោក អ៊ុយ ប៊ុនតារា នៃ E-school Cambodia តាមរយៈតេឡេហ្ក្រាម របស់  PNN នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ផ្ញើជូនជាពិសេសចំពោះសិស្សដែលប្រឡងបាក់ឌុបមិនទាន់បានជាប់ ដោយរួមទាំងមាតាបិតាអាណាព្យាបាលរបស់ពួកគាត់ផង ឱ្យជួយជំរុញពួកគាត់ ឱ្យបន្តការសិក្សាតាមដែលអាចធ្វើទៅបាន ។

 

 

 

គួររំឭកថាលទ្ធផល នៃ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬ បាក់ឌុប ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៤ និង ទី១៥ ខែមករា ឆ្នាំ២០២២ នេះ មានអ្នកជាប់ ៦៥,៦៥ ភាគរយ ។ ក្នុងនោះអ្នកទទួលបាននិទន្ទេស A ចំនួន ១ ៧៥៣ នាក់ កើនឡើងប្រមានជា ៤ ដង បើធៀបទៅនឹងកាលពីឆ្នាំ២០១៩ ចំណែកនិទ្ទេស B ចំនួន ៥ ២១៥ នាក់ កើនឡើងជាង ២ ដង បើធៀបទៅនឹងកាលពីឆ្នាំ២០១៩ ។

 

 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់ប្រសាសន៍បានអះអាងថា សាលាដែលមានសិស្សប្រឡងជាប់ច្រើនជាងគេ និង ទទួលបាននិទ្ទេសល្អច្រើនជាងគេនាពេលថ្មីៗនេះ គឺជាសាលារៀនទាំងឡាយណា ដែលគ្រូបានរៀបចំចាត់ចែងបង្រៀនតាមអនឡាញ សាលាជំនាន់ថ្មី និង សាលាដែលសិស្សចូលសិក្សាតាមកម្មវិធីឌីជីថល។

 

 

ដោយមិនទាន់អាចបញ្ជាក់តួលេខជាក់លាក់ លោក អ៊ុយ ប៊ុនតារា បានអះអាងថា ក្នុងចំណោមសិស្សដែលបានប្រឡងជាប់បាក់ឌុប និង ទទួលបាននិទ្ទេសល្អៗ គឺនិទ្ទេស A និង និទ្ទេស B ទាំងនោះ ក៏មានសិស្សយ៉ាងច្រើន ដែលសិក្សាតាមសាលាអេឡិចត្រូនិក ឬ ដែលហៅថា E-school ដែរ ដែលប្រការនេះបានសេចក្តីថា ការសិក្សាតាមបែបឌីជីថល ឬ តាម App របស់  E-school និង ការសិក្សាតាមអនឡាញ មិនមែនគ្រាន់តែជាការសិក្សា ដើម្បី កំដរ អំឡុងពេលដែលប្រទេសកម្ពុជា រងការញាំញីដោយជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាឌីជីថល ឬ តាម App របស់  E-school នានា ពិតជាធ្វើឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដមែន ។

 

ក្នុងន័យនេះក៏បានសេចក្តីផងដែរថា សិស្សដែលប្រឡងមិនទាន់ជាប់ នាពេលថ្មីៗនេះ អាចពង្រឹងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតតាមរយៈការសិក្សាបែបឌីជីថល ឬ តាម App របស់  E-school នានា ដើម្បី ត្រៀមប្រឡងនៅឆ្នាំក្រោយៗទៀតបានពិតប្រាកដមែន ។

 

សូមបញ្ជាក់ថា ការអប់រំឌីជីថល ឬ តាមបែប E-school គឺជាទិសដៅដ៏សំខាន់បំផុតមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាអ្វីដែលក្រសួងអប់រំ និង អ្នកពាក់ព័ន្ធបាននិងកំពុងខិតខំយកចិត្តទុកដាក់ជាច្រើនឆ្នាំមកហើយ ក្នុងការជំរុញឱ្យមានភាពខ្លាំងក្លា ដើម្បី ឱ្យសង្គមកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ដើរទាន់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យា៤.០ នាសតវត្សរ៍ទី២១ នេះ ៕
 

 

អត្ថបទ៖ ខឿន សាឃាង, រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024