ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សួនសត្វមួយនៅប្រទេសឥណ្ឌូនេស៊ីបង្កាត់ពូជសត្វនាគកូម៉ូដូក្នុងបំណងទប់ស្កាត់ការផុតពូជ

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានអន្តរជាតិ

សួនសត្វមួយនៅប្រទេសឥណ្ឌូនេស៊ីកំពុងបង្កាត់ពូជសត្វនាគកូម៉ូដូ (Komodo dragons) ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះប្រភេទសត្វល្មួនដ៏ធំបំផុតនៅលើពិភពលោកមួយនេះពីការផុតពូជនៅលើផែនដីដោយសារការប្រែប្រួលអាកាសធាតុដែលកំពុងបង្កគ្រោះថ្នាក់ថ្មីដល់មនុស្សសត្វដ៏គួរឱ្យខ្លាច។

 

 

 

សួនសត្វមួយនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីបានបង្កើតកម្មវិធីបង្កាត់ពូជសត្វនាគ កូម៉ូដូ ដែលមានជើង៤ និងកន្ទុយវែងអូសដី ហើយក្បាលរបស់វាវែងនិងមានអណ្ដាតព្រែកដែលរូបរាងដូចសត្វទន្សងឬសត្វត្រកួត។


គេបានរកឃើញសត្វល្មួនយក្សនេះនៅលើកោះដាច់ស្រយាលកូម៉ូដូនិងកោះនៅជុំវិញនោះមួយចំនួនទៀតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។
កាលពីខែកញ្ញា សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានចាត់ថ្នាក់ពួកសត្វល្មួនយក្សនេះនៅក្រោមបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង ហើយពពួកសត្វទាំងនេះបានរងការគំរាមកំហែងកាន់តែខ្លាំងឡើងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

 

 

 

 

 


អង្គភាពសម្រាប់ការអភិរក្សធម្មជាតិនេះបានព្រមានថា ការកើនឡើងសីតុណ្ហភាពក្នុងពិភពលោកនិងកម្រិតទឹកសមុទ្រអាចនឹងកាត់បន្ថយជម្រកសមរម្យរបស់សត្វនាគកូម៉ូដូនេះយ៉ាងហោចណាស់ ៣០% នៅក្នុងរយៈពេល ៤៥ ឆ្នាំខាងមុខទៀត។


តាំងពីចាប់ផ្តើមកម្មវិធីបង្កាត់ពូជនេះមក សួនសត្វនេះបង្កើតសត្វនាគកូម៉ូដូបានចំនួនសរុប ១៤៣ ក្បាលរួមទាំងកូនតូចៗចំនួន ៣៥ ក្បាល និងមានពងចំនួន ៤០ គ្រាប់ដែលកំពុងតែភ្ញាស់ផងដែរ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024