ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ពលរដ្ឋឈ្មោះសាយ ជាលី រស់នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ PNN នៅថ្ងៃទី២៨ ឧសភា នេះថា ទឹកកខ្វក់មានក្លិនស្អុយ ដែលដក់លើផ្លូវ ៥០ម៉ែតនេះ បានកើតឡើងជាងមួយឆ្នាំមកហើយ បន្ទាប់ពីមានបុរីពីរបានសាងសង់នៅក្បែរៗនោះ។
លោកបន្តថា ក្លិនស្អុយទាំងនោះប៉ះពាល់ដល់ផ្លូវដង្ហើមពួកគាត់ ហើយការលក់ដូរបន្តិចបន្តួចនៅមុខផ្ទះក៏លក់មិនដាច់។ ពលរដ្ឋនៅតាមផ្លូវនេះមួយចំនួនទៀតបានអះអាងថា ពួកគាត់ធ្លាប់ប្រាប់មេភូមិឲ្យជួយដោះស្រាយដែរ តែមេភូមិឆ្លើយថា បើផ្ទះគាត់ត្រូវទឹកស្អុយនេះលិចដែរ តើឲ្យដោះស្រាយយ៉ាងដូចម្តេច?
ឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋខាងលើ លោកស្រីអភិបាលខណ្ឌដង្កោបានប្រាប់ PNN ថា ពាក់ព័ន្ធនឹងទឹកស្អុយដក់លើផ្លូវ៥០ម៉ែត្រនេះ ខណ្ឌបានទទួលបណ្តឹងពីប្រជាពលរដ្ឋហើយ ប៉ុន្តែការងារនេះមិនមែនជាសមត្ថកិច្ចរបស់ខណ្ឌឡើយ តែជាការទទួលខុសត្រូវរបស់អន្តរក្រសួង។ លោកស្រីបន្តថា នឹងស្នើទៅថ្នាក់លើ ដើម្បីរកវិធានការដោះស្រាយបញ្ហាខាងលើនេះជូនប្រជាពលរដ្ឋ។
សូមជម្រាបថា ទឹកកខ្វក់ដក់លើផ្លូវក្រវាត់ក្រុង ៥០ម៉ែត្រនេះ មានប្រវែងប្រហែល ១០០ម៉ែត្រ ដែលប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ៕