ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
កូវីដ១៩ បានធ្វើឲ្យមគ្គុទេ្ទសក៍ទេសចរស្ទើរទាំងស្រុងនៅតំបន់អង្គរ ប៉ះពាល់ជីវភាពយ៉ាងខ្លាំង បាត់បង់ប្រាក់ចំណូលរបស់ខ្លួន ហើយបង្ខំចិត្តទៅចាប់យកមុខរបរថ្មី ដូចជា ចិញ្ចឹមមាន់ទា លក់ចាប់ហ៊ូយ ខ្លះទៅធ្វើសំណង់ និងស៊ីឈ្នួលគេជាដើម។ នេះបើតាមប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ ប្រាប់ភីអិនអិន។
ជាង១ឆ្នាំមកហើយ ដែលមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បាត់បង់ប្រាក់ចំណូលព្រោះគ្មានទេសចរអន្តរជាតិដើរកម្សាន្តដូចមុន។ កាលពីឆ្នាំ២០២០ នៅមានភ្ញៀវទេសចរក្នុងស្រុកខ្លះ ក៏ប៉ុន្តែចូលមកដល់ឆ្នាំ២០២១នេះ គឺខ្សោះភ្ញៀវតែម្តង។ នេះបើតាមលោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានប្រាប់ភីអិនអិននៅថ្ងៃទី៤ ខែសីហានេះ។
លោកបានឲ្យដឹងថា មគ្គុទេ្ទសក៍ទេសចរនៅតំបន់អង្គរមានប្រមាណជិត ៥ពាន់នាក់ ដោយឡែកសមាគមរបស់លោកមានសមាជិក ១៦០នាក់ បានប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង។ ក្នុងនោះ អ្នកនាំភ្ញៀវទេសចរជាច្រើន ដែលជាប់បង់ធនាគារ ពួកគេបានទៅចាប់យកមុខរបរថ្មី ដូចជា ចិញ្ចឹមមាន់ចិញ្ចឹមទា ដាំដំណាំ លក់ចាប់ហ៊ូយ ស៊ីឈ្នួលគេ ធ្វើសំណង់ អ្នកខ្លះទៅធ្វើជាភ្នាក់ងារលក់អចលនទ្រព្យជាដើម។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានមគ្គុទេ្ទសក៍ទេសចរប្រហែលជា ១០នាក់ប៉ុណ្ណោះ នៅអង្គុយសំកុកចាំភ្ញៀវមុខប្រាសាទអង្គរ ប្រាសាទបាយ័ន ដោយថ្ងៃខ្លះបាន ថ្ងៃខ្លះក៏អត់។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គររូបនេះ បានលើកឡើងថា កន្លងទៅមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់បានមូលមតិគ្នាដាក់លិខិតស្នើទៅរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ១ខែ ៤០ដុល្លារ ប៉ុន្តែក្រសួងបានជួយសម្រួលត្រឹមមិនយកថ្លៃអាជ្ញាបណ្ណ រីឯប្រាក់ឧបត្ថម្ភមិនអាចផ្តល់ឲ្យបានទេ។ ជាមួយគ្នានេះដែរ ក្រុមអ្នកមគ្គុទេ្ទសក៍នៅខេត្តទេសចរណ៍មួយនេះ ហាក់ពុំសូវមានក្តីសង្ឃឹមឡើយថា កម្ពុជាអាចបើកទទួលទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួច នៅចុងឆ្នាំនេះ ព្រោះស្ថានភាពជំងឺកូវីដ១៩ នៅតែរាតត្បាតខ្លាំងក្លា ជាពិសេសមេរោគប្រភេទថ្មី៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ