ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា កម្ពុជាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីនៅក្នុងរយៈពេលជិត ៥ ខែ ដើមឆ្នាំ ២០២១ ប្រមាណជាង ៨០ម៉ឺនតោន ច្រើនជាង ឆ្នាំ២០២០ ជាង ៦១ ម៉ឺនតោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបង្ហាញពីតួលេខនៃផលិតផលកសិកម្មប្រមាណ ១២មុខ ដែលបាននាំចេញទៅទីផ្សារក្រៅប្រទេសនាពេលនេះគឺសុទ្ធតែមានកំណើនវិជ្ជមានដូចៗគ្នា បើធៀបនឹងការនាំចេញនាឆ្នាំកន្លងទៅ ដែលក្នុងនោះគ្រាប់ស្វាយចន្ទីសម្រេចការនាំចេញបានប្រមាណជាង ៨០ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ជាង ៦១ម៉ឺនតោន។
ជុំវិញនឹងការនាំចេញគ្រាប់ស្វាយចន្ទីនេះ លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មស្វាយចន្ទីម៉ាដាមហួតបានគូសបញ្ជាក់ថា ទីផ្សារស្វាយចន្ទីឆ្នាំនេះល្អ និងមិនមានការកកស្ទះចំពោះទីផ្សារនាំចេញនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះគឺកង្វះទុនដើម្បីពង្រីកអាជីវកម្មស្វាយចន្ទីតែប៉ុណ្ណោះ ខណៈដែលអាជីវកម្មនេះមានត្រូវការចាំបាច់គឺប្រភពទុនត្រៀមបម្រុងទិញវត្ថុធាតុដើមសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីដើម្បីនាំចេញ។
លោកស្រីបញ្ជាក់ថា នៅឆ្នាំ២០២១ នេះសិប្បកម្មលោកស្រីបានប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់បានប្រមាណជាង ២០០តោន សម្រាប់ត្រៀមបម្រុងទុកដើម្បីកែច្នៃផ្គត់ផ្គង់ឲ្យដៃគូរអាជីវកម្មសម្រាប់ការនាំចេញ។
សូមរំលឹកថា កន្លងមកគ្រាប់ស្វាយចន្ទីរបស់កម្ពុជាភាគច្រើនត្រូវបាននាំចេញទៅវៀតណាម និងបើតាមរបាយការណ៍ការិយាល័យស្ថិតិគយ ក្នុងរយៈពេល៤ខែ ដំបូងឆ្នាំ ២០២១ នេះប្រទេសវៀតណាមនាំចូលចន្ទីស្រស់ជិត ១លាន២ សែនតោន កើនឡើងរហូតដល់ ៣០០ ភាគរយ ដែលមានតម្លៃទឹកប្រាក់ជិត២ ពាន់លានដុល្លារ។
កម្ពុជាជា ប្រទេសផ្គត់ផ្គង់ស្វាយចន្ទីស្រស់ធំបំផុតដល់ប្រទេសវៀតណាម ដែលមានរហូតដល់ ៦០ ភាគរយនៃការនាំចូល៕
អត្ថបទ៖ ស៊ឺន សុន និងរូបភាព ឯកសារ