ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ក្នុងរយៈពេលជិត ៥ខែ កម្ពុជាសម្រេចការការនាំចេញម្រេចជាង ៦ពាន់៧០០តោន

២៨ ឧសភា ២០២១ | សេដ្ឋកិច្ច

របាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេល៥ ខែដំបូងដើមឆ្នាំ២០២១ នេះកម្ពុជាសម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ៦ពាន់៧០០តោន ច្រើនជាងឆ្នាំ២០២០ រហូតជាង ៤ពាន់តោន។

 


ទិន្នន័យនៃការនាំចេញផលិតផលកសិកម្មរយៈពេល ៥ ខែឆ្នាំ ២០២១  ដែលរដ្ឋមន្ត្រី ក្រសួងកសិកម្មបានផ្សព្វផ្សាយនៅលើគេហទំព័របណ្តាញសង្គមបង្ហាញថា ចាប់ពីខែមករា ដល់ខែចុងខែឧសភានេះ កម្ពុជាបាននាំចេញម្រេចទៅក្រៅប្រទេសក្នុងបរិមាណសរុបជាង ៦ពាន់៧៩៨ តោន ច្រើនជាងកាលពី ឆ្នាំ២០២០ ជាង ៤ពាន់តោន ដោយក្នុងនោះឃើញថាបរិមាណនាំចេញម្រេចទៅកាន់ប្រទេសវៀតណាមមានចំនួនច្រើនជាងគេ។

 


ជុំវិញនឹងទីផ្សារម្រេចនេះដែរ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានគូសបញ្ជាក់ថា ការនាំចេញម្រេចទៅទីផ្សារអន្តរជាតិសម្រាប់ប្រភេទម្រេចទូទៅមានសញ្ញាវិជ្ជមានគឺបង្ហាញថាទីផ្សារម្រេចនៅតែល្អ បើទោះជាមានវិបត្តកូវីដ ១៩ ក៏ដោយ ហើយជាងនេះទៀតសម្រាប់ម្រេចកំពតចំពោះដំណើរកានាំចេញក៏នៅតែមានស្ថានភាពល្អប្រសើរ ដដែលដោយនៅក្នុងនោះគឺមានក្រុមហ៊ុនធំៗជាច្រើនបានបន្តចុះកិច្ចសន្យាទិញម្រេចកំពតពីប្រជាសហគមន៍កសិករ។

 


លោក ងួន ឡាយ បន្តអះអាងថា ផលិតផលម្រេចកំពតដែលបាននាំចេញក្នុងឆ្នាំនេះគឺមិនមានការថយចុះនោះឡើយ ខណៈតម្រូវការទីផ្សារនាំចេញរាល់ឆ្នាំមានជុំវិញ ៧០ ទៅ៨០តោន និងមកដល់ពេលនេះការនាំចេញម្រេចកំពតសម្រេចបានជុំវិញជាង ៧០ តោនរួចហើយដែរ  បើទោះជាឆ្នាំនេះម្រេចកំពតជួបបញ្ហាកូវីដ ១៩ ធ្វើឲ្យបាត់បង់ចំណែកទីផ្សារទេសចរ ប្រមាណ៣០ភាគរយក៏ដោយចុះ។

 


យ៉ាងណាបើតាម លោក ងួន ឡាយ តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែលរយៈពេល៥ ឆ្នាំមកហើយ គឺមិនមានការកើនឡើងឬធ្លាក់ចុះនោះទេពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញគឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024