ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
គ្រូបុរាណម្នាក់នៅប្រទេសគុយបាឈ្មោះចច.កូលីយ៉ាត (Jorge Goliat) ជាអ្នកចូលចិត្តទទួលគ្រឿងស្រវឹង និងពិសាបារីច្រើន។ គាត់ក៏ជាគ្រូមន្តអាគមជួយដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋដែលជួបនឹងរឿងផ្លូវងងឹតត្រូវគេដាក់អំពើអំពាន់ខ្មោចព្រាយបិសាចចូលខ្លួនជាដើម។
វិធីព្យាបាលរបស់គាត់មិនដូចពេទ្យសម័យទំនើបទេ។ គាត់ប្រើកាបិតវែង រាំពត់ពេនតាមវិធីរបស់គាត់ និងប្រាប់អ្នកជំងឺដែលទៅរកការព្យាបាលពីគាត់ថាត្រូវផឹកស្រាឲ្យច្រើនគឺអាចបណ្ដេញមេរោគកូរ៉ូណា ឬខូវីដ១៩ឲ្យជៀសឆ្ងាយបានហើយ។ ការនិយាយបែបនេះហាក់ដូចជាស្ដាប់ទៅរាងប្លែកបន្តិច។
ប៉ុន្តែវិធីព្យាបាលរបស់គ្រូម្នាក់នេះក៏ពេញនិយមសម្បើមណាស់ដែរសម្រាប់ប្រជាពលរដ្ឋគុយបាដែលកំពុងចាប់អារម្មណ៍ ឬមានជំនឿទៅលើវិធីបុរាណ។ ១ថ្ងៃៗ, មនុស្សពី១២០ទៅ១៥០នាក់មកទីនេះដើម្បីពឹងឲ្យគាត់ជួយ។
ពួកគេចាកចេញទៅវិញដោយការពេញចិត្ត។ អ្នកខ្លះពេលមកជួបគាត់ដំបូង ដើរមិនកើតទេ។ អ្នកខ្លះលើកដៃមិនរួច។ កូលីយ៉ាតប្រាប់ថាគាត់ចាប់ផ្ដើមមានគ្រូ ឬអ្នកសច្ចំចូលមកសណ្ឋិតក្នុងខ្លួនតាំងពីជាងសាមសិបឆ្នាំមុន។
បារមីសណ្ឋិតប្រាប់ថាគាត់ត្រូវជួយសង្គ្រោះមនុស្សលោក ហើយត្រូវទុកកាំបិតវែងជាប់នឹងខ្លួនសម្រាប់ព្យាបាល។
តាំងពីពេលនោះមក, មនុស្សមិនដឹងប៉ុន្មានពាន់នាក់ទេដែលមករកគាត់ឲ្យជួយ។ ប៉ុន្តែពេលខ្លះ ក៏មានសមត្ថកិច្ចចុះទៅសួរនាំ ឬតាមដានសកម្មភាពរបស់គាត់។ ប៉ុន្តែកូលីយ៉ាតថាគាត់មិនបានធ្វើអ្វីខុសច្បាប់ទេ៕
ប្រែសម្រួល៖ អន សំអាង