ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

រដ្ឋមន្ត្រីអប់រំថា មានសាលារដ្ឋប្រមាណជា ៦០ ដែលមិនទាន់បានបើកទ្វារ

០៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីបានបើកបវេសនកាលប្រមាណជា ១ ខែមក នៅមានសាលារៀនរដ្ឋ ប្រមាណជា ៦០ មិនទាន់បានបើកទ្វារដំណើរការនៅឡើយទេ ដោយសារសាលាទាំងនោះ ត្រូវបានប្រើប្រាស់ជាទីតាំងធ្វើចត្តាឡីស័ក។ ទោះយ៉ាងណា មិនមានការប៉ះពាល់ធ្ងន់ធ្ងរឡើយដល់ការសិក្សារបស់សិស្សនៅតាមបណ្តាសាលាទាំងនោះ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ។

 


គិតមកដល់ពេលនេះនៅមានសាលារដ្ឋប្រមាណជា ៦០  នៅក្នុងខេត្តចំនួន ៦ ដែលមិនទាន់បានបើកទ្វារដំណើរការឡើងវិញ ដោយសារសាលាទាំងនោះ កំពុងត្រូវបានប្រើប្រាស់ជាទីតាំងធ្វើចត្តាឡីស័ក ហើយក្នុងនោះខេត្ត បន្ទាយមានជ័យ មានសាលាច្រើនជាងគេ គឺចំនួន ១៥ សាលា ។ ទោះយ៉ាងណា មិនមានការប៉ះពាល់ធ្ងន់ធ្ងរឡើយ ដល់ដំណើរការសិក្សារបស់សិស្សានុសិស្សនៅក្នុងសាលាទាំងនោះ ។ មិនប៉ះពាល់ធ្ងន់ធ្ងរដោយហេតុថា សិស្សខ្លះត្រូវបានយកទៅផ្ញើសាលាក្បែរនោះ អមដោយសារការសិក្សាពីចម្ងាយ និង ស្វ័យសិក្សាផង ។ នេះគឺជាការអះអាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅព្រឹកថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ នាឱកាសប្រកាសសាលាបឋមសិក្សាចតុមុខ ថាជាសាលារៀនគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាពសិសក្សាជ្រុងជ្រោយ ។

 


សូមជម្រាបថានៅទូទាំងប្រទេស មានគ្រឹះស្ថានមត្តេយ្យសិក្សា និង គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និង ឯកជនប្រមាណ ១៨,០០០  សាលាបឋមសិក្សាសាធារណៈ និង ឯកជនប្រមាណជា ១៣ ៣០០ , គ្រឹះស្ថានមធ្យមសិក្សាសាធារណៈប្រមាណជា ១ ៨០០ ។

 


ដោយឡែកចំពោះសាលាបឋមសិក្សាចតុមុខវិញ នៅឆ្នាំសិក្សា ១៩៧៩-១៩៨០ សាលាបឋមសិក្សាចតុមុខ គឺជាសាលារៀនដំបូងគេនៅកម្ពុជា ដែលបានបើកបវេសនកាលជាប្រវត្តិសាស្ត្រ ដើម្បី ប្រមូលយកសិស្សានុសិស្សចូលរៀនឡើងវិញបន្ទាប់ជ័យជម្នះ ៧ មករា ១៩៧៩ ។

 


ចំពោះឆ្នាំសិក្សា ២០២០-២០២១ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានជ្រើសរើសយក សាលាបឋមសិក្សាចតុមុខ នេះ ដើម្បី អនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយមុនគេ ស្របតាមយុទ្ធសាស្ត្រទាំង ៩ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ៕

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025