ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
មន្ត្រីជំនាញពន្យល់ថា ការចិញ្ចឹមកូនបែបវិជ្ជមាន អាចសម្រេចទៅបានលុះណាតែឪពុកម្តាយ ឬអាណាព្យាបាល ប្តូរទម្លាក់ពីនំ មិនធំជាងនាឡិ ទៅជាការយកចិត្តុទុកដាក់ពីតម្រូវការរបស់កូនវិញ ប៉ុន្តែគេមិនត្រូវច្រឡំគ្នាដាច់ខាត ពីការទំនើងតាមចិត្តកូន ដែលភាសាសាមញ្ញ ហៅថា រំអ៊ូយកូន ពីព្រោះការទំនើងតាមចិត្តកូន និងរំអ៊ូយកូន គឺជាកិច្ចផ្ទុយពីការចិញ្ចឹមកូនបែបវិជ្ជមានទៅវិញទេ។
ការចិញ្ចឹមកូនបែបវិជ្ជមាន បានសេចក្តីថា ចិញ្ចឹមកូនឱ្យបានល្អ ចិញ្ចឹមកូនឱ្យក្លាយជាមនុស្សមានប្រយោជន៍ និង មានគុណភាព គុណធម៌ សីលធម៌ ហើយ ដើម្បី អាចចិញ្ចឹមកូនបែបវិជ្ជមានទៅបាន កត្តាចម្បងបំផុតមួយ តម្រូវឱ្យមាតាបិតាអាណាព្យាបាល ផ្លាស់ប្តូរទម្លាប់ដែលថា នំ មិនធំជាងនាឡិ៍ ឱ្យទៅជាការគិតគូរយកចិត្តទុកដាក់ពីតម្រូវការរបស់កូនវិញ ។ ប៉ុន្តែគេមិនត្រូវច្រឡំគ្នាជាដាច់ខាតនូវការយកចិត្តទុកដាក់ចំពោះកូន បំពេញតាមតម្រូវការរបស់កូន ទៅនឹងការទំនើងតាមចិត្តកូន និងការទំយើកូន ឬដែលភាសាសាមញ្ញាហៅថា រំអ៊ូយកូន។ នេះគឺជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន នាព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២១ នេះ នៅឯក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ចំណែកជំទាវ ខៀវ បុរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា ការស្វែងយល់ពីកាតព្វកិច្ចរបស់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ និងភារកិច្ចរបស់កូន ឬកុមារ មានសារសំខាន់ណាស់សម្រាប់អនុវត្តចិញ្ចឹមកូន ឬកុមារប្រកបដោយគុណភាព។ ការយល់ដឹងនេះ ពិតជាអាចជួយពង្រឹង និងធ្វើឱ្យកាន់តែប្រសើរឡើនូវដំណើការ នៃការចិញ្ចឹមបីបាច់កូន និងកុមារក្នុងគ្រួសារនីមួយៗ ជួយឱ្យកូន ឬកុមារមានសុខភាពល្អ អាកប្បកិរិយាថ្លៃថ្នូរ ចេះគោរពចាស់ទុំ ទទួលបានការអប់រំល្អ និង រស់នៅល្អប្រសើរ។
ទាំងលោក ឈួរ សុបញ្ញា ក៏ដូចជាលោកជំទាវ ខៀវ បូរី បានលើកឡើងដូចគ្នាថា ការចិញ្ចឹមកូនបែបវិជ្ជមាននេះ មិនមែនជាករណីកិច្ចរបស់ឪពុកម្តាយតែម្យ៉ាងទេ ប៉ុន្តែក៏ត្រូវតែមានការចូលរួមពីកូនៗផងដែរ ហើយជាពិសេស ការចិញ្ចឹមកូនបែបវិជ្ជមាននេះ មិនមែនជាករណីកិច្ចរបស់បុគ្គល ឬគ្រួសារណាមួយទេ ប៉ុន្តែវាជាភារកិច្ច នៃឪពុកម្តាយ ឬអាណាព្យាបាលគ្រប់គ្នា និង សង្គមទាំងមូល៕
អត្ថបទ៖ ខឿន សាឃាង រូប៖ ឆិល សុភ័ស្ត និងឯកសារ