ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

អ្នកជំងឺឈាមក្រកក ជួបក្តីលំបាកកាន់តែច្រើន ក្នុងសម័យកូវីដ-១៩

១៨ ធ្នូ ២០២០ | ព័ត៌មានជាតិ

ជំងឺឈាមក្រកក គឺជាជំងឺដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតមួយ ព្រោះវាបង្កការឈឺចាប់ អាចរហូតដល់ស្លាប់ និងធ្លាក់ខ្លួនពិការមួយជីវិត។ មកដល់ពេលនេះ កម្ពុជាគ្មានថ្នាំស្តុកនៅក្នុងប្រទេស សម្រាប់ព្យាបាលជំងឺនេះទេ ខណៈនៅទូទាំងប្រទេស មានពេទ្យជំនាញតែ ២នាក់ប៉ុណ្ណោះ ហើយកាន់តែពិបាកថែមទៀត តាំងពីមានជំងឺកូវីដ១៩ មក ការផ្ញើថ្នាំពីក្រៅប្រទេសមកកម្ពុជា ត្រូវកាត់ផ្តាច់ទាំងស្រុង ធ្វើឱ្យអ្នកជំងឺដ៏គ្រោះថ្នាក់នេះ ជួបក្តីលំបាកយ៉ាងខ្លាំង។

 


ទី ១ ដោយសារអ្នកជំងឺឈាមក្រកកនៅ កម្ពុជា ភាគច្រើនគឺជាកុមារនៅក្នុងគ្រួសារក្រីក្រនៅតំបន់ជនបទ , ទី ២ ដោយសារ កម្ពុជា មានគ្រូពេទ្យឯកទេសតែ ២ នាក់ប៉ុណ្ណោះ ដោយម្នាក់ប្រចាំការនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និង ម្នាក់ទៀត នៅមន្ទីរពេទ្យកុមារអង្គរខេត្ត សៀមរាប , ទី ៣ កម្ពុជា គ្មានថ្នាំសម្រាប់ព្យាបាលជំងឺឈាមក្រកកនេះស្តុកនៅក្នុងប្រទេសឡើយ ដែលអាចរកបានខ្លះៗកន្លងមក គឺតាមរយៈការផ្ញើមកឱ្យរបស់សហព័ន្ធអ្នកជំងឺឈាមក្រកក ពិភពលោក តែប៉ុណ្ណោះ ប៉ុន្តែតាំងពីពិភពលោកត្រូវបានរាតត្បាតដោយជំងឺកូវីដ ១៩ មក ការផ្ញើថ្នាំពេទ្យទាំងនោះមក កម្ពុជា ត្រូវបានខកខានទាំងស្រុង , ទី ៤ មានការយល់ដឹង និង វិធានការគាំទ្រក្នុងប្រទេសតិចតួចបំផុតពីក្រសួងស្ថាប័នពាក់ព័ន្ធ និង ៥ គ្រួសាររបស់អ្នកជំងឺឈាមក្រកក ប្តូរលេខទូរស័ព្ទជាហូរហែ នាំឱ្យលំបាកទំនាក់ទំនង ។ នេះបើតាមការរៀបរាប់របស់លោក សែម សុខបញ្ញា ប្រធានសមាគមអ្នកជំងឺឈាមក្រកក កម្ពុជា ថ្លែងប្រាប់ PNN តាមតេឡេហ្ក្រាម នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ។

 


ជំងឺឈាមក្រកក គឺជាប្រភេទជំងឺដ៏កាចសាហាវ និង គ្រោះថ្នាក់បំផុតមួយ ដោយសារនៅពេលធ្វើទុក្ខម្តងៗ វាបណ្តាលឱ្យអ្នកជំងឺឈឺចាប់យ៉ាងខ្លាំង គឺអាចឈឺចាប់រហូតដល់ស្លាប់បាត់បង់ជីវិតភ្លាម ប្រសិនបើសង្គ្រោះមិនទាន់ពេល ឬ មិនបានត្រឹមត្រូវទេនោះ ហើយ ៥០ ភាគរយ វាបណ្តាលឱ្យអ្នកជំងឺធ្លាក់ខ្លួនពិការអស់មួយជីវិត ។


របាយការណ៍របស់សហព័ន្ធអ្នកជំងឺឈាមក្រកកពិភពលោក បានអះអាងថា ក្នុងចំណោមមនុស្ស១០  ០០០ នាក់ មានមនុស្សម្នាក់ មានជំងឺឈាមក្រកកនេះ ហើយ ៧០ ភាគរយ គឺជាជំងឺតពូជ  និងកើតឡើងដោយឯកឯង ៣០ ភាគ។ ដូច្នេះនៅលើពិភពលោកមានអ្នកជំងឺឈាមកម្រកកប្រមាណជាជិត ៧ លាននាក់ ហើយក្នុងនោះ ៧៥ ភាគរយ ពុំបានដឹងថាខ្លួនគេមានជំងឺដ៏កាចសាហានេះទេ ។ 

 


ដោយឡែកនៅប្រទេសកម្ពុជា ត្រូវបានគេគិតថា មានអ្នកជំងឺឈាមក្រកក នេះ ប្រមាណជា ២ ០០០ នាក់ ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានអ្នកជំងឺត្រឹមតែប្រមាណ ១០០ នាក់ ប៉ុណ្ណោះ ដែលទទួលការព្យាបាល និងធ្វើរោគវិនិច្ឆ័យ ហើយកន្លែងដែលអាចព្យាបាលជំងឺនេះបានទៀតសោត មានតែ ២ កន្លែងប៉ុណ្ណោះ គឺនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលមានគ្រូពេទ្យតែ ២ នាក់គត់ ហើយបញ្ហាលំបាកមួយទៀតនៅត្រង់ថា កម្មវិធីពាក់ព័ន្ធនឹងជំងឺឈាមក្រកក នៅក្នុងមន្ទីរពេទ្យទាំង ២ នោះ គឺជាកម្មវិធីរបស់អង្គការក្រៅរដ្ឋាភិបាល ដោយមានគោលការណ៍ព្យាបាលតែកុមារប៉ុណ្ណោះ ហេតុនេះចំពោះអ្នកជំងឺដែលមានអាយុលើសពីកុមារ គឺពិតជាពិបាកក្នុងការស្វែងរការព្យាបាលជាទីបំផុត ។

 


ហេតុនេះ លោក សែម សុខបញ្ញា បានអំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជន មេត្តាផ្តល់ការគាំទ្រដល់អ្នកជំងឺឈាមក្រកកដ៏កំពុងត្រូវការយ៉ាងចាំបាច់នេះ ហើយម្យ៉ាងទៀត គ្រួសារអ្នកជំងឺឈាមក្រកក ក៏គួររក្សាមធ្យោបាយទំនាក់ទំនងដល់សមាគមឈាមក្រកកកម្ពុជា ដើម្បី ងាយស្រួលទំនាក់ទំនង ស្វែងរក និងផ្តល់ជំនួយ ដែលត្រូវការចាំបាច់នានា៕

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ សមាគមអ្នកជំងឺឈាមក្រកក
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025