ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥

គុណ កន្និកា តំណាង កម្ពុជា ប្រកួតកម្មវិធី Miss Teen Icon International 2025  កម្ពុជា ធ្វើម្ចាស់ផ្ទះ

១៩ ឧសភា ២០២៥ | កម្សាន្ដ

 

ការប្រកួតអន្តរជាតិ Miss Teen Icon International 2025 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈដែលកញ្ញា គុណ កន្និកា បានបង្ហាញវត្តមានយ៉ាងស្រស់ស្អាត ប្រកបដោយភាពជឿជាក់ ក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជា។

 


កម្មវិធីប្រកួតប្រជែងសម្រស់ Miss Teen Icon International 2025 កំពុងប្រព្រឹត្តិឡើងជាលើកទី២ លើទឹកដីព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨-២៦ ខែឧសភា ឆ្នាំ២០២៥ ដោយឆ្នាំនេះមានបវរកញ្ញាមកពី ១៤ ប្រទេសបានចូលរួមប្រកួតប្រជែងដណ្តើមមកុដពីកញ្ញា Shaquila Keisha (ហ្សាគីឡា គីហ្សា) ដែលជាម្ចាស់មកុដដំបូងគេបង្អស់នៃកម្មវិធី Miss Teen Icon International 2024។

 


 
ក្រឡេកមកមើល កញ្ញា គុណ កន្និកា ឯណោះវិញ ក៏មានវត្តមានក្នុងការប្រកួតលំដាប់អន្តរជាតិនេះផងដែរ ។  ក្នុងនាមបវរកញ្ញាម្ចាស់ផ្ទះ Miss Teen Icon Cambodia 2024 តែងខ្លួនឡើងខ្ញង់ តាំងពីថ្ងៃបង្ហាញខ្លួនដំបូងមិនឱ្យកម្ពុជាបាក់មុខនោះឡើយ។

 


 
កន្និកា បាននិយាយថា នាងសប្បាយចិត្តខ្លាំងណាស់ដែលបានតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិបង្កើតឡើងដោយស្នាដៃកូនខ្មែរ ថែមទាំងធ្វើឡើងនៅទឹកដីកម្ពុជាយើងទៀតផង។

 


 
នាងបានចំណាយពេលហ្វឹកហាត់បន្ថែមលើចំណេះដឹងភាសា ការដើរ និងការរៀបចំខ្លួនផ្សេងៗ មុនឈានដល់ការប្រកួតអន្តរជាតិនេះមកដល់ ធ្វើឱ្យនាងមានជំនឿចិត្តខ្ពស់ក្នុងការប្រកួតប្រជែងដណ្តើមមកុដជយលាភីជូនជាតិមាតុភូមិ។

 


 
មិនហ៊ានដាក់ក្តីរំពឹងអ្វីច្រើន ប៉ុន្តែ Miss Teen Icon Cambodia 2024 សន្យាថា នឹងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន ដើម្បីដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិនេះ ឱ្យស័ក្កសមការផ្តល់ទំនុកចិត្តរបស់អ្នកគាំទ្រ និងប្រជាជនកម្ពុជា។ យ៉ាងណាមិញ នាងនៅតែត្រូវការកម្លាំងចិត្ត និងការលើកទឹកចិត្តពីបណ្តាអ្នកគាំទ្រ និងប្រជាជនកម្ពុជាសម្រាប់ការប្រកួតប្រជែងដ៏អស្ចារ្យនេះ។

 


 
Miss Teen Icon International ជាកម្មវិធីបវរកញ្ញាវ័យជំទង់កំពុងទទួលការគាំទ្រពីទស្សនិកជន។នេះជាឆ្នាំទី២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះដោយសង្ឃឹមថា នឹងអាចចម្រាញ់បានម្ចាស់ជយលាភីដ៏ល្អស័ក្កសមបន្ទាប់ពីបវរកញ្ញាឥណ្ឌូនេស៊ី កញ្ញា Shaquila Keisha (ហ្សាគីឡា គីហ្សា) ម្ចាស់មកុដ Miss Teen Icon International 2024 កាលពីឆ្នាំមុន៕
 
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025