ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប៊ន ណារិទ្ធ រំឭកពីផលលំបាករបស់ខ្លួន កាលផ្តើមហ្វឹកហាត់បាល់ទះអាជីព

១២ សីហា ២០២០ | កីឡា

អ្នកបញ្ជូនបាល់ក្លិបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានរំលឹកពីផលលំបាករបស់ខ្លួនកាលពីផ្តើមហ្វឹកហាត់បាល់ទះអាជីពថា ខ្លួនជួបបញ្ហាខ្លះដែរ ដូចជាការសម្រេចចិត្តដ៏ពិបាកមួយ ដែលត្រូវបោះបង់ការងារនិងចូលហ្វឹកហាត់បាល់ទះដែលកត្តានេះធ្វើអោយបងប្អូនក្នុងគ្រួសារពុំសូវគាំទ្រចំពោះការសម្រេចចិត្តនេះ តែដោយក្តីស្រលាញ់និងការលើកទឹកចិត្តពីឪពុកម្តាយរូបគេនៅតែបន្តចូលហ្វឹកហាត់ដើម្បីបំពេញក្តីស្រម៉ៃចង់ក្លាយជាកីឡាករអាជីពម្នាក់។
 

បន្ថែមលើនេះ ប៊ន ណារិទ្ធ ថាកាលពីចាប់ផ្តើមហ្វឹកហាត់ជាមួយក្លិបដំបូង បញ្ហាកម្លាំងក៏ចោទខ្លាំងផងដែរ ដ្បិតពុំធ្លាប់ហ្វឹកហាត់ខ្លាំងក្លាដូចរៀមច្បងដទៃទៀតនៅក្នុងក្រុម។

 


«ហាត់ដំបូងមានឧបសគ្គច្រើនដែរ ដោយសារតែពេលហ្នឹងខ្ញុំចេញពីធ្វើការ ខ្ញុំបញ្ចប់ការធ្វើការរបស់ខ្ញុំ គឺបញ្ចប់ពីការយកប្រាក់ខែ បែជាមកហាត់បាល់ដំបូងបានបានប្រាក់ឧបត្ថម្ភប្រហែលជា១០ម៉ឺនទេ ហើយបងប្អូន គូ អ៊ី អីក៏គាត់អត់សូវគាំទ្រដែរ ប៉ុន្តែអ្នកដែលជម្រុញនោះគឺមានតែប៉ាហើយបងប្អូនដែរ ដោយសារតែប៉ាម៉ាក់គាត់ដឹងថាយើងចូលចិត្តតាំងពីតូចមក បានគាត់ជំរុញមក មកដល់សព្វថ្ងៃនេះ ហើយការលំបាកក្នុងការហ្វឹកហាត់វិញគឺវា ទីមួយបញ្ហាកម្លាំង យើងមកក្មេងខ្ចីចឹង គឺបញ្ហាកម្លាំងអត់ដល់គេទេ បាទហើយមួយទៀតគឺពាក់ព័ន្ធបញ្ហាបច្ចេកទេសផ្សេងៗក៏យើងអត់សូវដែរ តែយើងព្យាយាមមើលកាយវិការ យើងព្យាយាមស្តាប់គ្រូមែនទែន ទម្រាំងបានមកហ្វឹកហាត់ដល់៣ ៤ឆ្នាំនេះ»។


កីឡាករដែលមានប្រភពពីខេត្តតាកែវរូបនេះ បន្ថែមថាអាជីពជាកីឡាករបាល់ទះជាក្តីស្រម៉ៃរបស់ខ្លួនតាំងពីតូច ហើយឱកាសក្នុងការហ្វឹកហាត់ជាមួយក្លិបបាល់ទះក្រសួងមហាផ្ទៃ គឺជំហានដំបូងក្នុងការផ្តើមក្តីស្រម៉ៃរបស់ខ្លួនផងដែរ។

 


«ខ្ញុំបញ្ចប់ការធ្វើការមកហ្វឹកហាត់បាល់ហ្នឹង ដោយសារតែការហ្វឹកហាត់បាល់ជាក្តីស្រម៉ៃខ្ញុំតាំងពីតូច ។ ពេលមកហ្វឹកហាត់ដំបូងគឺសប្បាយចិត្តណាស់ សប្បាយចិត្តដ្បិតយើងបានឈានជើងចូលក្នុងវិស័យបាល់ទះ ហើយក៏យើងអាចចាប់ផ្តើមជំហានទីមួយដើម្បីចាប់យកក្តីស្រម៉ៃយើងដែរ»។


គួររំលឹកថាពីអតីតកាល ប៊ន ណារិទ្ធ ជាអ្នកស្រលាញ់បាល់ទះតាំងពីក្មេង ដោយក្តីស្រលាញ់រូបគេក៏មានឱកាសលេងអោយវិទ្យាល័យសន្ធរម៉ុក នៅឆ្នាំ២០១២ និង ២០១៣ ដោយសមត្ថភាពកើនឡើង ក៏ត្រូវបានណែនាំអោយមកចូលហ្វឹកហាត់នៅក្លិបបាល់ទះក្រសួងមហាផ្ទៃនៅឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ហើយគិតមកទល់ពេលនេះ ប៊ន ណារិទ្ធ ក៏ត្រូវបានជាប់ឈ្មោះជាមន្ត្រីនគបាលមួយរូបក្នុងនាយកដ្ឋានលិខិតឆ្លងដែនផងដែរ ។ ដោយឡែកក្នុងក្រុមជម្រើសជាតិ រូបគេក៏ធ្លាប់ជាប់ក្នុងការប្រមូលផ្តុំហ្វឹកហាត់ នៅប្រទេសថៃ និង ចិន កាលពីឆ្នាំ២០១៩ ៕

អត្ថបទ និងរូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024