ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

សមត្ថភាពខ្ពស់ និងអាចនិយាយបាន ៥ ភាសា កូនកាត់ខ្មែរ-រុស្សី ២រូប ប៉ងចង់ក្លាយជាបវរកញ្ញាតំណាង កម្ពុជា លើឆាកអន្តរជាតិ

១៦ តុលា ២០២៤ | កម្សាន្ដ

 

ពិតជាមិនធម្មតានោះឡើយ កូនកាត់ខ្មែរ-រុស្សី ២រូប គឺ នីគីទីនណា យាវ៉ា និង នីគីទីនណា ហ្គាលីណា មានសមត្ថភាពខ្ពស់អាចនិយាយបានដល់ទៅ ៥ ភាសា ថែមទាំងមានដុងសិល្បៈពេញខ្លួន ចង់ក្លាយជាបវរកញ្ញាតំណាង កម្ពុជា លើឆាកអន្តរជាតិ នាពេលខាងមុខ។

 


 
ពិតជាកម្របានឃើញខ្លាំងណាស់ ដែលកូនកាត់ខ្មែរ-រុស្សី អាចនិយាយភាសារុស្សីឡើងរអិលដូចទឹកបែបនេះ។ ប៉ុន្តែកូនកាត់ខ្មែរ-រុស្សី ២រូបខាងលើ គឺ នីគីទីនណា យាវ៉ា និង នីគីទីនណា ហ្គាលីណា មានសមត្ថភាពខ្ពស់អាចនិយាយបាន ៥ ភាសាឯណោះ រួមមាន៖ ភាសាខ្មែរ អង់គ្លេស រុស្សី ចិន និង អេស្បាញ ថែមទាំងដុងសិល្បៈពេញខ្លួនទៀតផង ដោយសារឪពុកជនជាតិរុស្សីមានឈាមជ័រជាអ្នកសិល្បៈតាំងដូនតាមកម៉្លេះ។

 


 
ផ្តល់បទជាមួយកម្មវិធីជីវិតកម្សាន្ត កូនកាត់ខ្មែរ-រុស្សី យាវ៉ា និង ហ្គាលីណា បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានប្រឡូកសិល្បៈដូចបំណង តាមរយៈការចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី Meet & Greet អបអរភាពជោគជ័យរបស់ម៉ូដែលតូច ថៃ ដារ៉ូត និង ប៊ុន សុភ័ក្រទេវី កាលពីពេលថ្មីៗកន្លងទៅ។

 


 
បន្ថែមពីលើជំនាញដើរបង្ហាញម៉ូដ បងប្អូនស្រីទាំង ២រូប មានសមត្ថភាពខ្ពស់លើការរាំ ច្រៀង លេងព្យាណូ និងចេះជំនាញសិល្បៈផ្សេងទៀតផងដែរ ដែលដុងសិល្បៈទាំងនេះកើតចេញពីធម្មជាតិតែម្តង ដោយសារឪពុករបស់អ្នកទាំងពីរមានឈាមជ័រជាអ្នកសិល្បៈ គួបផ្សំការហាត់រៀនបន្ថែមធ្វើឱ្យនាងរឹតតែមានទេពកោសល្យសិល្បៈខ្ពស់លើសពីការរំពឹងទុក។
 

 


 
ដោយសារតែចំណង់ចំណូលចិត្ត និងមានទំនោរខ្លាំងលើវិស័យសិល្បៈទាំងវ័យក្មេង ក្រុមគ្រួសាររបស់កូនកាត់ខ្មែរ-រុស្សី ២រូបខាងលើ បានបើកភ្លើងខៀវឱ្យបងប្អូនស្រីទាំងពីរបានចូលប្រឡូកវិស័យសិល្បៈតាមក្តីស្រមៃ ហើយក្តីស្រមៃដ៏ធំរបស់ យាវ៉ា គឺនាងចង់ក្លាយជាតារាម៉ូដែល រីឯ ហ្គាលីណា ក៏មានក្តីស្រមៃដ៏ធំចង់ធ្វើឱ្យក្លាយការពិតផងដែរ។
 

 


 
នីគីទីនណា យាវ៉ា និង នីគីទីនណា ហ្គាលីណា សង្ឃឹមថា ទេពកោសល្យសិល្បៈដ៏សម្បូរបែប និងចំណេះដឹងផ្នែកភាសា នឹងអាចជួយឱ្យអ្នកទាំងពីរដើរលើវិថីសិល្បៈយ៉ាងរលូន និងអាចអភិវឌ្ឍន៍សមត្ថភាពសិល្បៈរបស់ខ្លួនឯងផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024