ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥
ប្រជាជនទីក្រុងហ្គាហ្សាធ្វើបំលាស់ទីសាជាថ្មីក្រោយយោធាអ៊ីស្រាអ៊ែលបញ្ជាឱ្យជម្លៀស។
ប្រជាជនរស់នៅទីក្រុងហ្គាហ្សា(Gaza City) នៃតំបន់ហ្គាហ្សាស្ទ្រីប(Gaza Strip)បាននាំគ្នាធ្វើបំលាស់ទីសាជាថ្មី នៅថ្ងៃអាទិត្យ(៧កក្កដា) ក្រោយមានបញ្ជាពីយោធាអ៊ីស្រាអ៊ែលឱ្យជម្លៀស។ យោធាអ៊ីស្រាអ៊ែលបានចេញបញ្ជាថ្មីទៅប្រជាជននៅក្នុងសង្កាត់ជាច្រើនក្នុងទីក្រុងហ្គាហ្សា(Gaza City) ឱ្យជម្លៀសចេញពីទីកន្លែងដែលពួកគេកំពុងរស់នៅ។ ចំណាត់ការឱ្យជម្លៀសជាថ្មីនេះ ធ្វើឱ្យប្រជាជនជាច្រើនគ្រួសារបាត់បង់ទីជម្រក។
លោកស្រី អូម ម៉ូហាមេដ(Um Mohammed)រៀបរាប់ដូច្នេះ «យើងជម្លៀសជាច្រើនលើកហើយ ហើយមិនអាចរកកន្លែងរស់នៅបានទេ។ គ្រប់ទីកន្លែងទាំងអស់នៅហ្គាហ្សាគ្មានកន្លែងណាមានសុវត្ថិភាព។ គ្មានជ្រុងណាមួយមានសុវត្ថិភាពឡើយ។ ហើយក៏មិនដឹងពេលណាសង្គ្រាមចប់»។
យោធាអ៊ីស្រាអ៊ែលនៅថ្ងៃអាទិត្យ បានប្រកាសថា ប្រជាជននៅសង្កាត់មួយចំនួនក្នុងទីក្រុងហ្គាហ្សា(Gaza City) គួរចាកចេញ ទៅកាន់ទីកន្លែងផ្សេង។
ស្រ្តីម្នាក់ដែលនិយាយសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា« នេះជាលើកទី៦ហើយដែលយើងជម្លៀសពី១កន្លែងទៅ១កន្លែង។ យើងមិនដឹងថាកន្លែងណាដែលយើងត្រូវទៅឡើយ»។
សង្គ្រាមអ៊ីស្រាអ៊ែលនិងហាម៉ាស់ផ្ទុះឡើងនៅពេលក្រុមហាម៉ាស់ ចូលវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលាសម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៥០នាក់ជាចំណាប់ខ្មាំង។ អ៊ីស្រាអ៊ែលក៏បើកការវាយប្រហារតបវិញលើតំបន់ហ្គាហ្សាស្លាប់មនុស្សជិត៣ម៉ឺន៨ពាន់នាក់។ យោងក្រសួង សុខាភិបាលតំបន់ហ្គាហ្សា។
ប្រែសម្រួល៖ណាវ័ន្ត