ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

ឆ្នាំសិក្សា ២០២៤ អត្រាបញ្ចប់ថ្នាក់ និងចូលរៀន មានកំណើន គួរឱ្យកត់សម្គាល់

២១ មិថុនា ២០២៤ | ព័ត៌មានជាតិ


អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អត្រាបញ្ចប់ការសិក្សា ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា សុទ្ធតែមានកំណើន។ ចំណែកកុមារចូលរៀន ក៏មានកំណើនដែរ។

 


សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ អត្រាបញ្ចប់ការសិក្សារបស់សិស្សានុសិស្សនៅបឋមសិក្សាមាន ៨៩,២ ភាគរយ ដែលតួលលេខនេះ បានកើនឡើង ២,៤ ភាគរយ បើធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។ ចំណែកអត្រាឆ្លងភូមិសិក្សានៅបឋមសិក្សាមាន ៨៦,៦ ភាគរយ ហើយតួលេខនេះ ក៏បានកើនឡើងដែរ គឺ ២,៩ ភាគរយ បើធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣ ដូចគ្នា។ នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។

 


ចំណែកអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ វិញ មន្ត្រីនាំពាក្យរូបនេះ បានឱ្យដឹងថា គឺមានចំនួន ៦០,៩៧ ភាគរយ កើន ១,២៧ ភាគរយ ។ រីឯអត្រាឆ្លងភូមិសិក្សានៅមធ្យមសិក្សាបឋមភូមិ មាន ៨៦,៦ ភាគរយ បានកើនឡើង ២,៩ ភាគរយ ។ ចំពោះអត្រាគង់វង្សនៅមធ្យមសិក្សាបឋមភូមិ គឺ ៥៣,៥៥ ភាគរយ គឺជាការកើន ៩,២៥ ភាគរយ បើធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។

 


ដោយឡែកកុមារអាយុ ៥ ឆ្នាំ ចូលរៀនមានចំនួន ២១៨ ៩៥០ នាក់ កើនឡើង ២,៣៩ ភាគរយ ខណៈសិស្សបឋមសិក្សាចូលរៀនមាន ២ ២៦៥ ៧៨៣ នាក់ កើន ២,៩៨ ភាគរយ ។ ជាមួយគ្នានេះ សិស្សមធ្យមសិក្សាបឋមភូមិមានចំនួន ៧១១ ១១៣ នាក់ កើន ២,៤៤ ភាគរយ ។ ចំណែកសិស្សមធ្យមសិក្សាទុតិយភូមិ វិញ លោកបណ្ឌិត កាន់ ពុទ្ធី បានឱ្យដឹងថា មាន ៤៣០ ៧៩២ នាក់ គឺបានកើន ៧,២៦ ភាគរយ បើធៀបទៅនឹងឆ្នាំសិក្សា ២០២២-២០២៣។

 


ដោយសារស្ថានភាពពេលវេលាប្រថុជញុញពេក ពុំអាចផ្ដល់លទ្ធភាពឱ្យលោកបណ្ឌិត កាន់ ពុទ្ធី ពន្យល់ឱ្យបានច្បាស់លាស់ទេថា កំណើនដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ បណ្តាលមកពីកត្តាអ្វីខ្លះ ។ ទោះយ៉ាងនេះក្ដី បណ្ឌិតអ្នកនាំពាក្យរូបនេះ បានផ្ញើសារដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសមាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាអ្នកធ្វើការជាមួយកុមារ និងក្នុងវិស័យអប់រំគ្រប់ផ្នែក មេត្តាបន្តចូលរួមបន្ថែមទៀត ដើម្បីបង្កើនគុណភាពអប់រំ នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដ្បិតថា ការអប់រំ ពុំមែនជាកិច្ចការរបស់សាលា ឬ របស់គ្រូបង្រៀនផ្ដាច់មុខទេ ដូចពាក្យស្លោកពោលថា អប់រំ ដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នា ដើម្បីអប់រំ ឬ ថា គ្រូគឺជាឪពុកម្ដាយ ហើយឪពុកម្ដាយ ក៏គឺជាគ្រូ ៕

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025