ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ក្រុមអ្នកបុរាណវិទ្យារកឃើញទីជម្រកក្រោមដីអាយុជិតពីរពាន់ឆ្នាំនៅប្រទេសអ៊ីស្រាអែល

 ថ្មីៗនេះ ក្រុមអ្នកបុរាណវិទ្យារកឃើញទីជម្រកក្រោមដីដ៏ចាស់បំផុតរបស់ប្រទេសអ៊ីស្រាអែល។ ទីនេះមានតាំងពីប្រភេទផ្លូវក្រោមដីតូចចង្អៀត និងបន្ទប់ធំៗសម្រាប់ស្នាក់នៅ។ គេគិតថារូងក្រោមដីនេះសាងសង់ឡើងដោយក្រុមអ្នកស្រុកអ្នកភូមិជនជាតិជ្វីបសម័យបុរាណដែលរស់នៅម្ដុំនេះ និងធ្វើទីជម្រកសម្រាប់លាក់ខ្លួនដើម្បីតស៊ូប្រឆាំងនឹងចក្រភពរ៉ូម។

 

 

 

 

ក្រុមអ្នកជំនាញយល់ថារឿងព្រេងបុរាណពិតជានិយាយមិនខុសទេ។ សហគមន៍ជនជាតិជ្វីបសម័យបុរាណធ្លាប់រស់នៅតំបន់ឆ្ងាយៗដាច់ស្រយាលនៃតំបន់ភ្នំកាលីឡេពិតមែន (Galilee)។ នៅទីនោះ ព្រះយេស៊ូធ្លាប់ដើរពន្យល់ពីដំណើរជីវិត និងធ្លាប់ទប់ទល់នឹងពួករ៉ូមដែលរុករានទន្ទ្រានទីកាន់តែកៀកទីក្រុងយេរូសាឡឹម។ ពួកអ្នកស្រុកបានជីករូងក្រោមដីសម្រាប់ជ្រកកោនពេលមានសឹកសង្គ្រាមកើតឡើង។

 

ទីនេះមានចម្ងាយប្រហែល១រយម៉ែត្រពីភូមិដែលពួកគេរស់នៅ។ នេះជាប្រសាសន៍លោកយីនុន.ស៊ីវត្យែល (Yinon Shivtiel) ជាអ្នកសិក្សាប្រវត្តិសាស្ត្រដែលមានជំនាញខាងរូងក្រោមដី។ រូងនេះមានលក្ខណៈពិសេស។ អ្នកដែលអាចត្បុលចូលតាមរូងនោះបានលុះត្រាតែខិតខំអង្កុញខ្លួនត្បៀតខ្លាំងមែនទែន។


បើមាឌធំៗដូចកងទ័ពសម័យបុរាណមិនអាចប្រជ្រៀតខ្លួនចូលបានឡើយ។ រូងនេះតភ្ជាប់ពីបន្ទប់មួយទៅបន្ទប់មួយទៀតដែលមានទំហំធំទូលាយអាចឲ្យមនុស្សស្នាក់នៅ និងរក្សាទុករបស់មានតម្លៃ។ មនុស្សជំនាន់នោះសាងសង់រូងក្រោមដីនេះសម្រាប់មនុស្សមួយគ្រួសារៗរស់នៅដោយសុខសាន្ត។

 

 

 

 

នៅពេលជីកកកាយស្ថានីយបុរេប្រវត្តិនៅតំបន់នេះ ក្រុមអ្នកបុរាណវិទ្យារកឃើញចិញ្ចៀនធ្វើពីលង្ហិនល្មមនឹងនាងដៃរបស់កូនក្មេង និងរកឃើញកូនកំាបិតចែតមួយ។ សូមរំឭកថាកាលពីជំនាន់នោះមានចលនាបះបោរប្រឆាំងនឹងពួកចក្រភពរ៉ូមដែលជាពួកឈ្លានពានទឹកដីយេរូសាឡឹម។

 

ប៉ុន្តែពួកតស៊ូទាំងនោះត្រូវគេបង្ក្រាបឲ្យរត់ខ្ចាត់ខ្ចាយអស់។ ជាច្រើនទសវត្សក្រោយមកមានមេដឹកនាំចលនាបះបោរដ៏ខ្លាំងពូកែម្នាក់ទៀតចេញមុខប្រឆាំង។ ប៉ុន្តែត្រូវបរាជ័យដូចគ្នា។ គេរកឃើញថាមានទីជម្រកលាក់ខ្លួនស្រដៀងៗគ្នានេះនៅជើងភ្នំយេរូសាឡឹម និងស្លាកស្នាមនៃភូមិសម័យបុរាណដែលត្រូវកម្ទេចចោល៕

 

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024