ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

លទ្ធផលស្រាវជ្រាវបង្ហាញថាសត្វសុនខមានប្រព័ន្ធខួរក្បាលរីកចម្រើនអាចស្វែងយល់ភាសាមនុស្ស

ការសិក្សាថ្មីៗនេះបង្ហាញថាសត្វសុនខចេះស្វែងយល់ពាក្យពេចន៍មួយចំនួនដែលមនុស្សប្រើប្រាស់សំដៅទៅលើរបស់របរ ឬវត្ថុអ្វីមួយ។ ហេតុនេះហើយទើបបានជាពួកវាអាចកាត់យល់នូវពាក្យទាំងឡាយប្រហាក់ប្រហែលនឹងសមត្ថភាពយល់របស់មនុស្សផងដែរ។ របកគំហើញនេះបង្ហាញថាសុនខជាសត្វដំបូងគេដែលគេរកឃើញថាវាមានសមត្ថភាពស្វែងយល់ដូចមនុស្ស។
 

 

 

 

 

នៅក្នុងការស្រាវជ្រាវនេះ គេធ្វើពិសោធសត្វសុនខដោយឲ្យម្ចាស់របស់ពួកវានិយាយពាក្យពេចន៍សំដៅទៅវត្ថុ ឬរបស់របរដែលសុនខរបស់ខ្លួនធ្លាប់បានឮ និងបានយល់ពីមុនមកហើយ។ បន្ទាប់មក ម្ចាស់របស់វាចាប់កាន់វត្ថុដែលដូចគ្នានឹងពាក្យនោះ ឬចាប់កាន់វត្ថុផ្សេង។ នៅពេលនោះ គេប្រើប្រាស់ឧបករណ៍សម្រាប់ធ្វើរង្វាស់សមត្ថភាពខួរក្បាលរបស់សុនខ។

 

ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញថានៅពេលសុនខមើលឃើញវត្ថុអ្វីមួយដូចនឹងពាក្យដែលមនុស្សធ្លាប់ហៅ ស្រាប់តែប្រព័ន្ធខួរក្បាលរបស់សុនខចាប់ផ្ដើមប្រែប្រួលខ្លាំងមួយរំពេចនៅក្នុងចំណោមសុនខមួយភាគធំដែលយកមកធ្វើពិសោធ។ ចំណែកវត្ថុដែលមិនស៊ីគ្នានឹងពាក្យដែលមនុស្សប្រើ ខួរក្បាលរបស់ពួកវាមិនសូវមានរំញោចប៉ុន្មានទេ។

 

ក្រុមអ្នករៀបចំចងក្រងលទ្ធផលពិសោធនេះប្រាប់ថាបើប្រៀបធៀបជាមួយប្រព័ន្ធខួរក្បាលរបស់មនុស្សឃើញថាសុនខ និងមនុស្សមានរំញោចខួរក្បាលប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក្ដី លទ្ធផលស្រាវជ្រាវនេះនៅមានចំណុចដែលក្រុមអ្នកជំនាញដទៃទៀតខាងវិស័យនេះមិនទាន់ទទួលយក។

 

អ្នកជំនាញម្នាក់និយាយថាសត្វសុនខគ្មានមណ្ឌលខួរក្បាលចំនួនពីរដែលមនុស្សមានទេ។ នោះគឺមណ្ឌលខួរក្បាលសម្រាប់ស្វែងយល់ភាសា។ ហេតុនេះ ទម្រង់ស្រាវជ្រាវអំពីសមត្ថភាពខួរក្បាលរបស់សុនខមិនដូចមនុស្សទេ។ លទ្ធផលស្រាវជ្រាវនេះចុះផ្សាយផ្សាយនៅលើទំព័រទស្សនាវដ្ដីខារឹន.បាយអូឡូជី (Current Biology) នៅក្នុងខែមីនា។ ក្រុមអ្នកស្រាវជ្រាវទាំងនេះមានគម្រោងសិក្សាពិសោធជាបន្តទៀតដើម្បីចង់ដឹងថាតើសមត្ថភាពខួរក្បាលរបស់សុនខដែលអាចស្វែងយល់ភាសារបស់មនុស្សគឺមានតែសត្វសុនខទេ? ឬក៏សត្វដទៃទៀតអាចមានប្រព័ន្ធខួរក្បាលបែបនេះផងដែរ?

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024