ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា សម្រេចការនាំចេញស្រូវអង្ករជាង ៧២៣លានដុល្លារ ក្នុងត្រីមាសទី១

០៩ មេសា ២០២៤ | សេដ្ឋកិច្ច

គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤នេះ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ៧២៣លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា។ 

 

 

ប្រភពដដែលបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដំបូងនេះ កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករ សរុប ៧២៣លានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៥០ប្រទេស និងតំបន់ និងរកចំណូលបាន ១២៣លានដុល្លារអាមេរិក។

 


ជាមួយគ្នានេះដែរ កម្ពុជា បាននាំចេញស្រូវសរុបបានចំនួនជាង ២លាន ២សែនតោន ដែលគិតជាទឹកប្រាក់មានចំនួន ៦០០លានដុល្លារអាមេរិក។ដោយឡែក សម្រាប់អង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទ នាំចេញបានចំនួន ៨១%  អង្ករ ស ចំនួន ១៤% និងប្រភេទអង្ករផ្សេងៗប្រមាណ ៤%ទៀត។

 


ទីផ្សារអឺរ៉ុប ឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ក្នុងអំឡុងពេលនេះ បើគិតជាទឹកប្រាក់សរុបជាង ៦០លានដុល្លារអាមេរិក ហើយបន្ទាប់ពីនោះ គឺប្រទេសចិន ជាអ្នកទិញអង្ករកម្ពុជា លំដាប់ទី ២ គិតជាទឹកប្រាក់ ២៨លានដុល្លារអាមេរិក។

 


សូមជម្រាបថា គិតត្រឹមមួយឆ្នាំពេញ ២០២៣ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ១៧០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករសម្រេចបានជាង ៤៦៦លានដុល្លារ និងស្រូវ ជាង ១៣០០លានដុល្លារ៕


 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024