ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

០៩ មេសា ២០២៤ | សេដ្ឋកិច្ច

 

ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមមូលបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១»។ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។

 

 


ក្នុងនោះរាជរដ្ឋាភិបាល  បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្តទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អនាពេលកន្លងមក ក្នុងការជំរុញលើក កម្ពស់ផលិតផលខ្មែរគ្រប់ប្រភេទ តាមទស្សនាទានភូមិ១ផលិតផល១ បើទោះបីជាលក្ខខណ្ឌនៃការអនុវត្តត្រូវ ជួបប្រទះនូវស្ថានភាពលំបាកខ្លះក៏ដោយ ក៏យើងបានរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗជាច្រើន តាមរយៈការដាក់ចេញនូវសកម្មភាពគន្លឹះ ដូចជាការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ គុណភាពផលិតផល ការពង្រីកឱកាសទីផ្សារនិងការពង្រឹងភាពប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ច អំណោយផល និងការធ្វើបរិវត្តកម្មសំខាន់ៗលើគ្រប់វិស័យ។

 

 


ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំនេះ រាជរដ្ឋាភិបាលបាន ផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។

 

 

ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាពឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍ ផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។

 


ទី៣-គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំសហការជាមួយគណៈ កម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពល នានាជាផលិតផលភូមិ១ផលិតផល១ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបាន ទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

 


ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួង ពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមានសក្តានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024