ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ប្រជាជនខ្មែរ នៅក្រៅប្រទេស រៀបចំកម្មវីធីសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

០៩ មេសា ២០២៤ | ព័ត៌មានជាតិ


ប្រជាជននៅក្រៅប្រទេស រួមមាន នៅប្រទេសជប៉ុន កូរ៉េ ឡាវ និងម៉ាឡេស៊ី ជាដើម បានជួបជុំគ្នា រៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ កម្មវិធីសង្ក្រាន្តខ្មែរ នៅតាមបណ្តាប្រទេសទាំងនេះ មានរៀបចំពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងលេងល្បែងប្រជាប្រិយជាច្រើនផងដែរ។

 

 


ដូចគ្នាទៅហ្នឹងប្រជាជនក្នុងប្រទេសកម្ពុជាដែរ នៅប្រទេសកូរ៉េ សង្រ្កាន្តខែ្មរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៧ ខែមេសា ចំនួន ៣ទីតាំង រួមមាន តំបន់ក្វាងជូ តំបន់អ៊ុលសានតំបន់ថេហ្គូ ដោយមានសហគមន៍ខ្មែរចូលរួមប្រមាណជា៣០០០នាក់។ រីឯសង្រ្កាន្តខ្មែរនៅជប៉ុន បានរៀបចំឡើងនៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា និងទីតាំងចំនួន១០ ផ្សេងទៀត នៅក្នុងប្រទេសជប៉ុន ។ ដោយឡែកនៅប្រទេសក្នុងតំបន់អាស៊ាន រួមមានប្រទេសឡាវ ម៉ាឡេស៊ី និងថៃ ក៏មានរៀបចំសង្រ្កាន្តខែ្មរនេះដែរ។ 

 

 


សង្រ្កាន្តខែ្មរ ដែលបានរៀបចំនៅក្រៅប្រទេសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ក្រុមការងារ ESEA សមាគមខ្មែរ សិក្ខាកាម និងនិស្សិត។ តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសសបញ្ជាក់ថា “ឈាមខាប់ជាងទឹក” ស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋ តែងបានប្រារព្ធ និងរក្សានូវទំនៀមទម្លាប់ដ៏ល្អល្អះរបស់ខ្មែរ ដោយមានរៀបចំនូវពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងលេងល្បែងប្រជាប្រិយនានា ។

 

 


គួរបញ្ជាក់ថា នៅក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅតាមបណ្តាប្រទេសនីមួយៗ មានកម្មវិធីសំខាន់ៗជាច្រើន ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។ បន្ថែមលើនេះ ក៏មានការលេងល្បែងប្រជាប្រិយ ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាព៕

 


អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024