ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកិច្ចប្រជុំកំពូលចំនួន២ នៅកម្ពុជា ក្នុងឆ្នាំនេះ

០៩ មេសា ២០២៤ | ព័ត៌មានជាតិ

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២ គឺកិច្ចប្រជុំកំពូលសាកល ស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូល ស្តីពី សហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី។

 


លោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២ គឺ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី ២០២៤។ ការសើ្ននេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកប្រធានវិទ្យាស្ថាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

 


លោកប្រធានវិទ្យាស្ថាន បានបញ្ជាក់ថា កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា និងគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។លោកប្រធានវិទ្យាស្ថាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ និងបានពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។

 


ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបដោយក្តីរីករាយ និងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត និងបានទទួលយកការអញ្ជើញរបស់លោកប្រធានវិទ្យាស្ថានក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។

 


ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។

 


សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ 

 

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024