ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា៖ ក្នុងថ្ងៃចូលឆ្នាំ មិនចង់ឃើញសំរាមនៅក្រៅធុង 

០៤ មេសា ២០២៤ | ព័ត៌មានជាតិ


ការចោលសំរាមពាសវាលពាសកាល នៅក្រៅធុងសំរាម នៅតែជាទម្លាប់មិនល្អរបស់ពលរដ្ឋមួយចំនួន ពិសេសនៅពេលទៅលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានា។ តំបន់ទេសចរណ៍ ជាពិសេសតំបន់អង្គរ គឺជាទីគោរពសក្ការៈបូជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ដូច្នេះការចូលរួមកាត់បន្ថយប្លាស្ទិក និងការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការគោរពដល់ភាពជាសក្ការៈរបស់អង្គរ និងលើកតម្លដល់សម្បត្តិបេតិកភណ្ឌជាតិ។

 


ជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងតែសង្កេតឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ទន្ទឹមនោះ ការចោលសំរាមពាសវាលពាសកាលនៅក្រៅធុងសំរាមនៅតែជាទម្លាប់មិនល្អរបស់ពលរដ្ឋមួយចំនួន។ 

 


បញ្ហានេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។ 

 


បើតាមអាជ្ញាធរជាតិអប្សរា, ជានិច្ចកាលសម្ភារៈប្លាស្ទិកភាគច្រើន គឺប្រើប្រាស់តែម្តង ហើយបានបោះចោល ក្នុងនោះមានដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាសិ្ទកជាដើម។ ប្លាស្ទិក ទាំងនោះ បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អនាម័យ បរិស្ថាន សោភ័ណភាព និងសុខភាព មនុស្ស សត្វ។ 

 


មួយវិញទៀត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ គឺជាទីគោរពសក្ការៈបូជា និងជាសម្បត្តិ បេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ដូច្នេះអាជ្ញាធរជាតិអប្សរាបានគូសបញ្ជាក់ ការចូលរួមកាត់បន្ថយឬមិនប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការគោរពដល់ភាពជាសក្ការៈរបស់អង្គរ ចូលរួមចំណែកថែរក្សា និងលើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិ។

 


ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់សាធារណជនឱ្យចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្រសួងបានបញ្ជាក់ថា ការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់ប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ នឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
 

 


អត្ថបទ៖ អឿនភារ៉ា រូបភាព៖ អាជ្ញាធរជាតិអប្សរា និងឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024