ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

រដ្ឋមន្ត្រីសង្គមកិច្ច ផ្ដល់អនុសាសន៍ ៨ចំណុច ពាក់ព័ន្ធអូទីស្សឹម និងដោនស៊ីនដ្រូម

០២ មេសា ២០២៤ | ព័ត៌មានជាតិ


ទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១១ ដែលរៀបឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ប្រកបដោយសមធម៌ ហើយឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្តល់ជាអនុសាសន៍ ៨ ចំណុច។


១.បន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ។
២.ពន្លឿនការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០២៤-២០២៨ ប្រកបដោយបរិយាបន្ន ។
៣.ពន្លឿនការរៀបចំរបាយការណ៍ដំបូង នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដើម្បីដាក់ជូនអង្គការសហប្រជាតិក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញានេះ ។
៤.បន្តជំរុញការអនុវត្ដច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីប្រែក្លាយពីឯកសារដែលមានលើក្រដាសឲ្យទៅជាសកម្មភាពជាក់ស្តែងសម្រាប់ជួយជនមានពិការភាព។
៥.បន្តជំរុញការកសាងធនធានមនុស្ស និងបណ្ដុះបណ្ដាលគ្រូបង្រៀនជំនាញ សាស្ត្រាចារ្យជំនាញ ព្រមទាំងរៀបចំថ្នាក់អប់រំពិសេស ថ្នាក់អប់រំបរិយាបន្ន ក្នុងទិសដៅផ្តល់ឱកាសឱ្យបងប្អូនខ្សោយសតិបញ្ញា ទទួលបានសិទ្ធិស្មើគ្នាក្នុងវិស័យអប់រំ។
៦.បន្តជំរុញក្រសួងស្ថាប័នសាធារណៈ និងវិស័យឯកជនត្រូវផ្ដល់អាទិភាពខ្ពស់ដល់មនុស្សមានអូទីស្សឹម និងដោនស៊ីនដ្រូម ក្នុងការជ្រើសរើសចូលបម្រើការងារ។

៧.ក្រុមការងារសកម្មភាពជនពិការនៅតាមក្រសួង ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្ត មានភារកិច្ចជួយសម្របសម្រួល ផ្តល់យោបល់ និងបញ្ជ្រាបផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០២៤-២០២៨ ដែលនឹងដាក់ឱ្យអនុវត្តនៅពេលខាងមុខ ចូលក្នុងផែនការសកម្មភាពរបស់សាមីក្រសួង និងអនុវត្តផែនការនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។៨.បន្តជំរុញការយកចិត្តទុកដាក់ថែទាំសុខភាពជនមានពិការភាព ជាពិសេសមនុស្សមានអូទីស្សឹម និងដោនស៊ីនដ្រូម ដើម្បីឱ្យពួកគាត់ទទួលបានសុខុមាលភាពពេញលេញ សមភាព និងគ្មានឧបស័គ្គ។

 

 


ឯកឧត្តម ជា សុមេធី បន្ថែមថាជារួម រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលផ្តុំគ្រប់មធ្យោបាយប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់វិស័យពិការភាព សំដៅជួយដល់ជនមានពិការភាព និងគ្រួសារ ឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នាស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ទសវត្សន៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក គោលនយោបាយជាតិស្តីពីពិការភាព និងគោលនយោបាយជាតិគាំពារសង្គម ជាដើម ។

 

 


ចំណែកឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ត្រូវការជាចាំបាច់នូវឧបករណ៍បច្ចេកវិទ្យាជំនួយដែលអាចជួយកាត់បន្ថយឬលុបបំបាត់ឧបសគ្គ នៃការចូលរួមសកម្មភាពនានាក្នុងសង្គម ដោយឈរលើមូលដ្ឋានស្មើភាព។

 

 

 

ក្នុងបរិបទ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព កន្លងមក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបាន និងកំពុងផ្ដោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាជំនួយ សម្រាប់ជនខ្សោយសតិបញ្ញាជាពិសេសមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ដើម្បីធ្វើយ៉ាងណាឈានទៅលុបបំបាត់នូវឧបសគ្គក្នុងសង្គម ស្របតាមច្បាប់ស្ដីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ និងអនុសញ្ញាស្ដីពីសិទ្ធិជនពិការ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024