ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធរ បើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស “មរតកតេជោ” នៅច្រមុះជ្រូកក្បាលថ្នល់

០២ មេសា ២០២៤ | ព័ត៌មានជាតិ


ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ” ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស។ គោលបំណងនៃការបើកឲ្យប្រើជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។

 


រដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រើប្រាស់ជាបណ្តោះអាសន្ននូវ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ តទៅ។

 


បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឲ្យប្រើប្រាស់ស្ពានអាកាស “មរតកតេជោ” ដំណាក់កាលទី១ ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ។

 


ទន្ទឹមនឹងគ្នាការបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍កន្លងទៅ ក៏បានបញ្ជាក់ដែរថា ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ។ សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ។

 


សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចថា ផ្លូវ គឺ ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ។ ហើយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។

 

 


គួរបញ្ជាក់ថាគួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ស្ពានអាកាសនេះ ចំណាយថវិកាសាងសង់ ៣៦លានដុល្លារ ប្រើរយៈពេល៣៦ខែ ។ បន្ទាប់ពីសាងសង់បញ្ចប់ដំណាក់កាលទី១ នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដំណាក់កាលទី២ គ្រោងនឹងសាងសង់បញ្ចប់ មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥៕

 

 

 


អត្ថបទ៖ សន រដ្ឋា, រូបភាព៖ ញិល សុជា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024