ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
សួនទឹកហ្គាឌិនស៊ីធីវ័តធើផាកនេះ គឺជាសួនទឹកកម្សាន្ដ ដ៏ធំជាងគេបង្អស់នៅអាស៊ាន ដែលត្រូវបានសាងសង់ឡើង នៅលើផ្ទៃដី ជិត៧ហិកតា នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញនោះ ចម្ងាយប្រហែលជាង១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ពោលគឺ ស្ថិតនៅលើទឹកដី ទីក្រុងរណបអ្នកឧកញ៉ា លី យ៉ុងផាត់ ក្បែរនឹងសួនសត្វភ្នំពេញ សាហ្វារី ។
សួនទឹកកម្សាន្ដនេះ ត្រូវបានអ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា នឹងក្លាយជាផលិតផលទេសចរណ៍ទំនើប និងពេញនិយមមួយ ដែលមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ តែក៏ទាក់ទាញទេសចរបរទេសកាន់តែច្រើនផងដែរ។
តាមទិន្នន័យពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា សួនទឹកកម្សាន្តធំទី១នៅអាស៊ាននេះ ត្រូវវិនិយោគសាងសង់ក្នុងទឹកប្រាក់ប្រមាណ ៥៥លានដុល្លារអាមេរិក ដែលជាដើមទុនចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី ឌី ស៊ី ។ សួនទឹកនេះ វិនិយោគសាងសង់ដោយឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគខ្មែរដ៏ធំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។
សួនទឹកកម្សាន្ត ហ្គាដិនស៊ីធី វ៉តធើផាក លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ៉តធើផាកបានប្រាប់ភីអិអិនថា លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងកន្លែងសំខាន់ៗផ្សេងទៀត។
លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានឲ្យដឹងថា ដោយសារតែមើលឃើញថា នៅរាជធានីភ្នំពេញយើង ក៏ដូចជាប្រទេសខ្មែរយើង ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិបែបនេះហើយ ទើបក្រុមហ៊ុនលោកសម្រេចចិត្តសាងសង់សួនទឹកកម្សាន្តដ៏ធំជាងគេមួយនេះឡើង។ ឧកញ៉ា សេង ញ៉ក់ អះអាងថា សួនទឹកកម្សាន្តហ្គាដិនស៊ីធី វ៉តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ាន ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។
សួនទឹកកម្សាន្តនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុបនិងអាមេរិក ផងដែរ។
ឧកញ៉ា សេង ញ៉ក់ សង្ឃឹមថា សួនទឹកកម្សាន្ដនេះ វាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេសមកកម្សាន្តនៅប្រទេសកម្ពុជាយើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងប្រទេសមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅក្រៅស្រុកនោះដែរ។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងធ្វើឲ្យកន្លែងនេះក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា និងអន្តរជាតិ ផងដែរ៕
អត្ថបទ៖ ចាន់ ភារម្យ