ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ល្ងាចនេះ កម្ពុជានឹងរៀបំពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

២៥ មករា ២០២៣ | កីឡា

 

ភ្នំពេញ៖ ពិធីរាប់ថយក្រោយ ១០០ថ្ងៃ នាល្ងាចថ្ងៃទី២៥ ខែមករាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងកាន់តែអធិកអធម នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។


មុនចាប់ផ្តើមព្រឹត្តិការណ៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា យើងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ត្រៀមពិធីរាប់ថយក្រោយ១០០ថ្ងៃឱ្យមានភាពឱឡារឹកជាមួយនឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នៅគ្រប់បណ្តាញសារព័ត៌មាន និងមានការចូលរួមគាំទ្រពីស្រទាប់មហាជន។ ក្នុងពិធីនេះ ម្ចាស់ផ្ទះ កម្ពុជាក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ មកចូលរួមក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃនេះ ដើម្បីជាសក្ខីភាពបញ្ជាក់អំពីការត្រៀមខ្លួនបានរួចរាល់របស់ម្ចាស់ផ្ទះកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ។

 

ចំពោះកម្មវិធីរាប់ថយក្រោយ១០០ថ្ងៃ ដែលចាប់ផ្តើមធ្វើពីម៉ោង៤រសៀលតទៅ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា គ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនរួចរាល់ ទាំងផ្នែកសម្តែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ១០០០នាក់ ដើម្បីសម្តែងក្នុងពិធីដ៏មានសារសំខាន់នេះ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍ បណ្តាញសង្គម ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា ជាពិសេសក្រោមការផ្តល់ការគាំទ្រយ៉ាងក្លៀវក្លាពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC។


ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ទៀតថា កម្ពុជាក៏នឹងត្រៀមរៀបចំខ្សែទស្សនកិច្ច និងការត្រួតពិនិត្យចុងក្រោយ នូវកន្លែងហូបចុក ស្នាក់នៅ ទីតាំងហ្វឹកហាត់ ទីតាំងប្រកួតជូនដល់ប្រតិភូកីឡាអាស៊ាន និងអន្តរជាតិផងដែរ។ អ្វីដែលសំខាន់ គឺកម្ពុជាបានបង្ហាញកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីត្រៀមផ្តល់ភាពកក់ក្តៅ ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រតិភូកីឡាអាស៊ាន និងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ក្នុងគោលដៅដ៏ធំចម្បងឱ្យកម្ពុជាទទួលបានកិត្តិយស កិត្យានុភាព និងរក្សាជំហរយ៉ាងរឹងមាំថា សីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា មិនមានសារធាតុហាមឃាត់ ក្នុងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

 

 

ជាគ្នានោះយើងក៏ឃើញមានការបង្ហោះនៅលើផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ដោយមានអត្ថន័យយ៉ាងដូច្នេះថា « យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ 

 


១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕

 

 

អត្ថបទ៖ សារ៉ាន ទីងី   រូបភាព៖ Cambodia 2023

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024