ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរមីន ប្ដេជ្ញាធ្វើឱ្យកម្ពុជា មិនមានគ្រាប់មីន និងសំណល់ជាតិផ្ទុះ នៅឆ្នាំ២០២៥

២២ ​វិច្ឆិកា ២០២២ | ព័ត៌មានជាតិ



ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងលើកឡើងថា បេសកកម្មដ៏សំខាន់របស់អាជ្ញាធរមីន រួមទាំងភាគីពាក់ព័ន្ធ គឺការរួមគ្នា ធ្វើឱ្យកម្ពុជា មិនមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅត្រឹមឆ្នាំ២០២៥។  ការលើកឡើងរបស់ឯកឧត្ដម លី ធុជ ដូចនេះ  នៅក្នុងការតាំងពិព័រណ៍ លើកទី៣០ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា។សាធារណជន និងសិស្សានុសិស្ស សរុបប្រមាណ ៣០០នាក់ បានចូលរួមក្នុងពិធីតាំងពិព័រណ៍ខួបលើក ទី ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

 


  
ថ្លែងក្នុងពិធីតាំងពិរព័ណ៍នេះ   ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា បេសកកម្មសកម្មភាពកំចាត់មីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា  ក៏ដូចជា ប្រទេសផ្តល់ជំនួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល ៣០ឆ្នាំនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ បន្ថែមលើនេះ បានធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធបានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឱ្យផ្ទៃដីកម្ពុជាមិនមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅឆ្នាំ២០២៥។ 

 

 

តាមការបញ្ជាក់ពីឯកឧត្ដម លី ធុជ ការតាំងពិព័រណ៍នៅពេលនេះ ក៍នឹងចូលរួមចំណែកដល់ប្រជាពលរដ្ឋ ពិសេស យុវជន  និងសិស្សានុសិស្ស តាមរយៈស្វែងយល់អំពីបញ្ហាមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្ដការពារ និងពាំនាំសន្ដិភាព ក៏ដូចជាចៀសឆ្ងាយពីសង្រ្គាម ។ដោយឡែក ដើម្បីជំរុញឱ្យកម្ពុជាមិនមានសំណល់ជាតិផ្ទុះ កញ្ញា ង៉ក់ វ៉ារី ដែលបានចូលរួម ក្នុងពិធីតាំងពិព័រណ៍នេះ ក៏បានសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់  ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកាត់បន្ថយ ឬកាត់ផ្ដាច់តែម្ដពីការបង្កើតឱ្យមានគ្រឿងផ្ទុះកើតឡើងនៅកម្ពុជា។ (ដាក់ឃ្លីបសម្ភាស)

 


យោងតាមរបាយការណ៍របស់អាជ្ញាធរមីន (C.M.A.A) ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជនរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ ២០២១ កន្លងមកនេះ។ សមិទ្ធផលនេះ កើតមានឡើងតាមរយៈធាតុចូលសំខាន់ៗជាច្រើន។ ជារួម ផ្ទៃដី ២.៥៣១ គីឡូ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម។

 

 

គួរបញ្ជាក់ជូនថា  ការតាំងពិព័រណ៍លើកទី ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ការតាំងពិព័រណ៍នេះដេរ មានស្ដង់ចំនួន ៥០ និងអង្គភាព និងស្ថាប័នពាក់ព័ន្ធចំនួន ២១ចូលរួម  ។ ចំណែក  ការតាំងពិព័រណ៍នឹងបង្ហាញអំពីសកម្មភាព សម្ភារៈ និងគ្រឿងចក្រសម្រាប់គាំទ្រដល់ការបោសសម្អាតមីន  កិច្ចសង្គ្រោះជនមានពិការ និងសកម្មភាពនានាពាក់ព័ន្ធនឹងសកម្មភាពមីន៕
 

 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា   រូបភាព៖ សែត ប៊ុនថាន់  

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024