ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធារួមគ្នាដើម្បីពង្រឹងសមត្ថភាពបាញ់នាវាមុជទឹក

កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា ដែលផ្ដោតសំខាន់លើការបាញ់នាវាមុជទឹក ស្របពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅខ្លាំងក្រោយទស្សនកិច្ចរបស់លោកស្រីហារីសទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្តមីស៊ីលរហូតដល់៣គ្រាប់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

 

 

 

 

សមយុទ្ធយោធានេះធ្វើឡើងនៅក្នុងដែនសមុទ្រអន្តរជាតិ មិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ, ហើយជាសមយុទ្ធដែលធ្វើឡើង១ថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៅក្នុងសមុទ្រខាងកើត។

 

កូរ៉េខាងត្បូងថ្លែងថា «សមយុទ្ធយោធានេះមានគោលដៅពង្រឹងសមត្ថភាពការពារខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់នាវាមុជទឹករបស់កូរ៉េខាងជើង និងការគំរាមកំហែងពីសំណាក់គ្រាប់មីស៊ីលបលលីសស្ទីកដែលបាញ់ចេញពីនាវាមុជទឹក។

 

រីឯទ័ពជើងទឹកជប៉ុន និងសហរដ្ឋអាមេរិកយល់ថាសមយុទ្ធនេះអាចជួយធ្វើឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចមានភាពសេរី និងបើកទូលាយ។ គួរកត់សម្គាល់ថាសមយុទ្ធយោធានេះប្រើប្រាស់នាវាដឹកយន្តហោះ រួមទាំងនាវាចម្បាំង និងនាវាពិឃាតជាច្រើនគ្រឿង។

 

 

 

 

 

ម៉្យាងទៀត សមយុទ្ធនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកវិភាគប្រមើលឃើញថាកូរ៉េខាងជើងត្រៀមបញ្ចេញនាវាមុជទឹកដ៏ថ្មីសន្លាងរបស់ខ្លួន ដែលអាចបាញ់គ្រាប់មីស៊ីលបលលីសស្ទីក។

 

អង្គភាពស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានរាយការណ៍ជូនរដ្ឋសភាថាទីក្រុងព្យុងយ៉ាងបានរៀបចំកន្លែងធ្វើតេស្តនុយក្លេអ៊ែររួចរាល់ហើយ, ហើយរង់ចាំតែទទួលបញ្ជាដើម្បីបាញ់សាកល្បង។ គេគិតថាការកូរ៉េខាងជើងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរចន្លោះពីថ្ងៃទី១៦ខែតុលាដល់ថ្ងៃទី៧ ខែវិច្ឆិកា៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024