ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥
ការជិះក្របី-សេះប្រណាំងដែលជាប្រពៃណីដ៏យូរលង់មួយរបស់អ្នកស្រុកវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលនិយមធ្វើឡើងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បានវិលត្រឡប់មកជាថ្មី ក្រោយពីបានខកខានរៀបចំអស់រយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានមនុស្សរាប់រយនាក់បានជួបជុំគ្នានៅឯវត្តវិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីទស្សនាការប្រណាំងក្របី-សេះ និងការបោកចំបាប់ ដោយឆ្នាំនេះមានក្របី និងសេះប្រមាណ ៦០ក្បាលបានចូលរួមប្រណាំង ដោយមានការតុបតែងយ៉ាងទាក់ទាញ។
ការជិះក្របី-សេះប្រណាំង និងការបោកចំបាប់ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ បានក្លាយជាប្រពៃណីដ៏យូរលង់មួយរបស់អ្នកស្រុកវិហារសួគ៌ ប៉ុន្តែត្រូវបានខកខានរៀបចំឡើងអស់រយៈពេលពីរឆ្នាំ ក្រោយពីមានការផ្ទុះជំងឺរាតត្បាតកូវីដ១៩។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌ អ្នកស្រុក អ្នកភូមិវិហារសួគ៌តែងតែប្រារព្ធធ្ធើពិធីជិះក្របីប្រណាំងនិងបោកចំបាប់ដោយមានមនុស្សម្នាចូលរួមក្នុងពិធីយ៉ាងច្រើនកុះករ ហើយពិធីនេះធ្វើឡើងក្នុង បរិវេណវត្ពព្រះវិហារសួគ៌តែម្ដង។
នៅក្នុងវត្តឯណោះវិញ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋបានមមាញឹកក្នុងការយកចង្ហាន់ប្រគេនព្រះសង្ឃជាមួយម្ហូបអាហារចម្អិនមកពីផ្ទះ ដើម្បីឧទ្ទិសទៅកាន់សាច់ញាតិដែលបានចែកឋានទៅ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនាដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលគេហៅថាបិណ្ឌ១, បិណ្ឌ២ និងថ្ងៃបញ្ចប់ គឺជាថ្ងៃ “ភ្ជុំបិណ្ឌ”។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរតែងតែធ្វើដំណើរទៅជួបជុំសាច់ញាតិ ជាពិសេសឪពុកម្ដាយ ក៏ដូចជារៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម៕
ប្រែសម្រួល៖ វ៉ាន់ថន