ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

ក្លិបបាល់ទះវិសាខា ផ្លាស់ប្តូរគ្រាប់បាល់ហ្វឹកហាត់ ស្របតាមស្តង់ដាអន្តរជាតិ

០៨ មិថុនា ២០២០ | កីឡា

គ្រូបង្វឹកក្លិបបាល់ទះវិសាខា លោក សាន សុក្រិត បានអោយដឹងថា បច្ចុប្បន្នក្លិបកំពុងបញ្ជាទិញគ្រាប់បាល់ដែលស្របតាមស្តង់ដាអន្តរជាតិប្រើប្រាស់ក្នុងការប្រកួតផ្លូវការធំៗនានា ដែលជាគ្រាប់បាល់មានការទទួលស្គាល់ពីសហព័ន្ធបាល់ទះអន្តរជាតិ សម្រាប់អោយកីឡាករហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីអោយសាំទៅគ្រាប់បាល់ប្រភេទនេះក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា ជាពិសេសការត្រៀមខ្លួនរបស់កីឡាករជម្រើសជាតិ និង កីឡាករថ្នាល សម្រាប់ព្រឹត្តការណ៍ស៊ីហ្គេម ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ។

 


ប្រាប់ដល់ភីអិនអិនកាលពីពេលថ្មីៗកន្លងទៅ គ្រូជំនួយក្រុមជម្រើសជាតិ និង ជាគ្រូបង្គោលរបស់វិសាខា លោក សាន សុក្រិត បានលើកឡើងពីសារៈសំខាន់នៃការផ្លាស់ប្តូរគ្រាប់បាល់ហ្វឹកហាត់ ស្របតាមស្តង់ដាអន្តរជាតិថា៖ «យើងប្តូរបាល់ហ្វឹកហាត់នេះ គឺទី១គឺស្តង់ដា នៅតំបន់អាស៊ីគេប្តូហ្វឹកហាត់បាល់នេះអស់ហើយ នៅថៃ ចិន ឥណ្តូនេស៊ី វៀតណាម អីគេប្តូប្រើបាល់នេះអស់ហើយ នៅឡើយតែខ្មែរយើងទេ ។ អញ្ចឹងពាក់ព័ន្ធនឹងបាល់នេះ នៅពេលដែលខ្ញុំដឹកនាំកីឡាករទៅប្រកួតស៊ីហ្គេមនៅហ្វីលីពីន គឺគេលេងដំណើរការបាល់នេះ ហើយដល់ពេលយើងហាត់ យើងហាត់តែបាល់យើងចាស់ ដល់ពេលមកជួបបាល់នេះយើងចាប់ផ្តើមប្លែកបាល់ ព្រោះបាល់នេះវាមានក្រឡា ហើយវារាងតូចបន្តិច វាមានលេខ៣០០រយជាបាល់ហ្វឹកហាត់ ហើយលេខ ២០០ជាបាល់សម្រាប់ប្រកួត អញ្ចឹងដល់ពេលអញ្ចឹងយើងមើលស្តង់ដាបាល់វាខុសគ្នា វាប្លែក ប្លែកបាល់ ដូច្នេះពេលនេះយើងត្រូវការផ្លាស់ប្តូរ»។

 


លោក សាន សុក្រិត ថាគ្រាប់បាល់នេះដែលបញ្ជាទិញថ្មីនេះ គឺជាប្រភេទបាល់ចាស់ដដែល បន្តែមានការរចនាថ្មីលើក្រឡាបាល់ និង គុណភាព ។ លោកបន្តថា ការផ្លាស់ប្តូរនេះគឺជាជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពចំពោះសំភារៈហ្វឹកហាត់ និង ការហ្វឹកហាត់ អោយទាន់ចំពោះការវិវឌ្ឍប្រទេសជិតខាង ជាពិសេសការត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិនានាក្នុងពេលខាងមុខ ។

 

 

គួរបញ្ជាក់ថា ជាជំហានដំបូងក្លិបបានបញ្ជាទិញគ្រាប់បាល់ប្រភេទនេះពីប្រទេសថៃ ប្រមាណ ៧២គ្រាប់ ស្មើនឹង ២កេះ សម្រាប់អោយកីឡាករឈុតធំ និងថ្នាលហ្វឹកហាត់។ ដោយឡែកចំពោះការប្រមូលផ្តុំហ្វឹកហាត់វិញ ក្រោយទទួលបានការអនុញ្ញាតិពីក្រសួងអប់រំយុវជន និង កីឡាករ អោយមានការប្រមូលផ្តុំឡើងវិញ ក្លិបបាល់ទះវិសាខា បានប្រមូលផ្តុំកីឡាករអោយហ្វឹកហាត់ជាក្រុមតូចៗ ដោយមួយក្រុមមានគ្នា៥នាក់ តាំងពីព្រឹកថ្ងៃទី០៣ មិថុនា នៅសាលហ្វឹកហាត់របស់ក្លិបបាល់ទះវិសាខា៕


អត្ថបទ និង រូបភាព៖ រ៉េត ស្តាលីន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025