ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កំពង់ផែសមុទ្រវៀតណាម រកបានប្រាក់ចំណេញកើនឡើងទ្វេដង ក្នុងឆមាសទី ១ ឆ្នាំនេះ

២២ កក្កដា ២០២១ | សេដ្ឋកិច្ច

អំឡុងពេលដ៏លំបាកនៃវិបត្តិមេរោគកូវីដ១៩ កំពង់ផែសមុទ្រវៀតណាម រកបានប្រាក់ចំណេញមិនទាន់គិតពន្ធប្រមាណ ៤៣លានដុល្លារអាមេរិក នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ ដែលតួលេខនេះ មានការកើនឡើងទ្វេដង ធៀបនឹងពេលដូចគ្នា ឆ្នាំ ២០២០។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


បើតាម សាជីវកម្មសមុទ្រវៀតណាម បានលើកឡើងថា កំពង់ផែសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាជីវកម្ម គឺបានទទួលបន្ទុកទំនិញ ៦៧លានតោន នៅក្នុងឆមាសទី ១នេះ ដែលបង្កើតប្រាក់ចំណូលជាង ១៩៥លានដុល្លារអាមេរិក។


នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បណ្តាប្រទេសក្នុងតំបន់មួយចំនួន ដូចជា ប្រទេសចិន អឺរ៉ុប និងអាមេរិកជាដើម មានសេដ្ឋកិច្ចប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលជម្រុញឲ្យមានការកើនឡើងនូវ តម្រូវការទំនិញ និងវត្ថុធាតុដើម ជាហេតុជម្រុញទីផ្សារដឹកជញ្ជូនអន្តរជាតិ។


នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំនេះ ចំណូលពីការនាំចេញ-នាំចូល កើនឡើងដល់ទៅ ៣០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំនួនកុងតឺន័រ ក៏កើនឡើង ២៤% ដែលផ្តល់ប្រយោជន៍ជាច្រើនដល់ សហគ្រាសកំពង់ផែសមុទ្រ។


សាជីវកម្មសមុទ្រវៀតណាម បានលើកឡើងថា បន្ទាប់ពីខាតបង់អស់រយៈពេលជាយូរមកហើយ ដោយសារតែវិបត្តិមេរោគកូវីដ១៩ នៅពេលនេះ សាជីវកម្មទើបតែអាចរកប្រាក់ចំណេញបានមកវិញ ហើយសមត្ថភាពដឹកជញ្ជូនទំនិញកើនឡើងដល់ ១២លានតោន គួបផ្សំនឹងការចរចាកុងត្រាដឹកជញ្ជូនបានជោគជ័យជាច្រើនករណី។


ទោះយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែព្រមានថា នៅក្នុងឆមាសទី ២នេះ បរិមាណទំនិញដែលត្រូវដឹកជញ្ជូន អាចនឹងធ្លាក់ចុះដោយសារស្ថានការណ៍កូវីដ១៩ បន្តផ្ទុះឡើងនៅតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មសំខាន់ៗរបស់បណ្តាប្រទេសក្នុងប៉ែកខាងត្បូង។

 


ជាចុងក្រោយ អ្នកជំនាញក៏ព្រមានទៀតថា បើសិនជា ស្ថានការណ៍ជម្ងឺកូវីដ១៩ ក្នុងស្រុក មិនអាចគ្រប់គ្រងបាននោះទេ វាអាចនឹងមានឱកាសកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្ម ដែលធ្វើឲ្យខ្វះខាតទំនិញ និងកុងតឺន័រ នៅក្នុងឆមាសទី ២ ឆ្នាំនេះ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024