ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ស្នើ ADB ជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ

០៨ មេសា ២០២១ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ បានស្នើឲ្យធនាគារអភិវឌ្ឍន៍ ជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ ខណៈគម្រោងទាំងពីរនេះ មួយត្រូវបានសិក្សាចប់សព្វគ្រប់ និងមួយទៀត ត្រៀមបញ្ចប់នាពេលខាងមុខ។

 


រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម  ស៊ុន ចាន់ថុល បានបង្ហាញពីបច្ចុប្បន្នភាពលើការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញ ដែលត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះ។


ក្នុងជំនួបជាមួយអ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធវីដេអូ នៅក្នុងសប្តាហ៍នេះ ឯកឧត្តមបានស្នើឲ្យ ADB ជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។ 

 


ឯកឧត្តមបានគូសបញ្ជាក់ថា ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

 


គួររំលឹកថា ក្នុងការសិក្សាបឋមកាលពីឆ្នាំ២០១៩ លើគម្រោងរថភ្លើងអាកាសដឹកអ្នកដំណើរធុនស្រាល និងរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ អាចចំណាយទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ។ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលជាសហគ្រាសសំណង់ដ៏ធំរបស់រដ្ឋាភិបាលចិន អ្នកជាសិក្សាលើគម្រោងទាំងពីរនេះ។

 


គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស និងក្រោមដី ក៏ធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកភាពផងដែរ។ តែយ៉ាងណា រដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ មិនទាន់បានកំណត់ជាក់លាក់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024