ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ 

១៩ ឧសភា ២០២១ | ព័ត៌មានជាតិ

កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះកំពុងទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ កម្ពុជាកំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាផងដែរ។

 


ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភានេះថា យោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានប្តេជ្ញា ធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ ខណៈពេលវិស័យនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។ 


បច្ចុប្បន្ននេះ សមាជិកអាស៊ានទាំងអស់កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភាពប្រសើរឡើង ដោយក្នុងនោះមានកិច្ចព្រម ព្រៀងក្របខ័ណ្ឌអាស៊ានចំនួន៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញ ប៉ុន្តែដោយសារតែបញ្ហានៃ ការ រាតត្បាតជំងឺកូវីដ-១៩ ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានជួបប្រទះនូវបញ្ហារអាក់រអួល។

 


ជាមួយគ្នានេះផងដែរ ភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារ ព្រំដែនអន្តរជាតិស្ទឹងបត់-បានណង អៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ 


ក្រសួងសាធារណការបញ្ជាក់ថា ប្រសិនបើច្រកទ្វារទាំងនេះត្រូវបានបើកដំណើរការ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ជំរុញកំណើន ពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិ ការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ 

 


ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។  

 


ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ាន ត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ានបានរឹត បន្តឹងសន្តិសុខផ្ទៃ ក្នុង របស់ខ្លួនរៀងៗខ្លួន ក្នុងនោះ ប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹងការឆ្លងកាត់ ដោយ សារ តែ វិបត្តិជំងឺ កូវីដ-១៩ ឧទាហរណ៍ពីមុន គេអាច ដឹក ទំនិញបានក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃ ទើបអាចធ្វើទៅបាន។ ចំពោះការដឹកជញ្ជូនទ្វេភាគីនៅតែមានភាព រលូនបន្ទាប់ ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ។ 

 


និយាយដោយឡែកចំពោះកម្ពុជា បច្ចុប្បន្ននេះកំពុងរិះរកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយ ចំណាយ  លើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជា និងជំរុញការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល និងលើកកម្ពស់ ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024