ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សមាគមមីក្រូហិរញ្ញវត្ថុថា គោលយោបាយរៀបចំឥណទានឡើងវិញអាចបន្តពន្យារពេលបន្ថែមដល់បំណាច់ឆ្នាំ២០២១ ឬច្រើនជាងនេះ

០៥ មេសា ២០២១ | សេដ្ឋកិច្ច

 

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គោលយោបាយរៀបចំឥណទានឡើងវិញ ទំនងជាអាចពន្យារពេលបន្ថែមទៀតដល់អ្នកស្នើសុំ ប្រសិនបើជម្ងឺកូវីដ ១៩ នៅបន្តអូសបន្លាយរីករាលដាល។

 

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គោលនយោបាយរៀបចំឥណទានឡើងវិញនេះគឺគ្រឹះស្ថានធានាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តអនុវត្តន៍ជាធម្មតាចាប់តាំងពីឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

 

ប៉ុន្តែបើមានការសម្រេចជាថ្មីស្តីពីការពន្យាពេលបន្ថែមពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធានាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ក៏នឹងពន្យាពេលបន្ថែមដល់អ្នកស្នើសុំឥណទានរហូតដល់ថ្ងៃទី៣១ ធ្នូឆ្នាំ២០២១ ឬក៏អាចលើសពីនេះអាស្រ័យលើការសម្រេចរបស់ធនាគារជាតិ។


លោក ផល វ៉ាន់ឌី បញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុបានជួបប្រជុំពិភាក្សាជាមួយធនាគារជាតិរួចហើយអំពីដំណើរការអនុវត្តគោលនយោបាយរៀបចំឥណទានឡើងវិញនេះថា តើនឹងត្រូវមានការពន្យាពេលបន្ថែមរហូតដល់បំណាច់ឆ្នាំ២០២១ ឬច្រើនជាងនេះ។

 

 

ការសម្រេចពន្យាពេលបន្ថែមគឺធ្វើឡើងផ្អែកតាមស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ ប្រសិនបើជំងឺកូវីដ ១៩ នៅបន្តរីករាលដាលច្រើនតទៅទៀត ដំណើរការស្នើសុំរៀបចំឥណទានឡើងវិញច្បាស់ណាស់នឹងបន្តពន្យាពេលទៅតាមនោះដែរ ។

 


លោកថា ប្រសិនជាមានការសម្រេចពន្យាពេលជាថ្មីស្តីអំពីការអនុវត្តគោលនយោបាយរៀបចំឥណទានឡើងវិញនេះអាចនឹងប្រកាសនៅចុងខែមិថុនា ឆ្នាំ២០២១នេះ។
លោក ផល វ៉ាន់ឌី បានឲ្យដឹងទៀតថា ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ នេះសមាគមមីក្រូហិរញ្ញវត្ថុទទួលបានចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានមកស្នើសុំការរៀបចំឥណទានឡើងវិញប្រមាណជិត ៣០ម៉ឺនសំណើរ និងក៏បានជួយបងប្អូនប្រជាពលរដ្ឋក្នុងដំណើរការរៀបចំឥណទានឡើងវិញបានជិត៣០ ម៉ឺននាក់ ក្នុងទំហំឥណទានសរុបជាង ១ពាន់៤០០លានដុល្លារ។

 


លោកបញ្ជាក់ថា ក្នុងរយៈពេល៣ទៅ៤សប្តាហ៍ចុងក្រោយនេះឃើញមានចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងខ្លាំងលើសពីពេលធម្មតា ពិសេសគឺនៅពេលក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទុះឡើងចំនួនអ្នកស្នើសុំកើនឡើងទ្វេរដង ពី១ពាន់នាក់ទៅ២ពាន់នាក់ក្នុងមួយសប្តាហ៍។

 


សូមជម្រាបថា ក្នុងគ្រាមានវិបត្តិនេះដែរ ប្រាក់បញ្ញើរ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការកើនឡើងគិតមកដល់គ្រានេះមានទំហំរហូតដល់ជិត៤ពាន់លានដុល្លារ ជាមួយនឹងអតិថិជន២លាន៨សែននាក់ ខណៈកម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានទំហំជាង ៦ពាន់លានដុល្លារ ជាមួយនឹងអតិថិជនជាង ២លាននាក់៕
 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024