ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា បង្ហាញពីជោគជ័យលើកិច្ចការពារធនធានធម្មជាតិ ក្នុងថ្ងៃទិវាព្រៃឈើអន្តរជាតិ

២៣ មីនា ២០២១ | ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បង្ហាញពីជោគជ័យលើកិច្ចការពារធនធានធម្មជាតិ ក្នុងថ្ងៃទិវាព្រៃឈើអន្តរជាតិ។ ទិវាព្រៃឈើអន្តរជាតិ ក្រោមប្រធានបទ «ស្តារព្រៃឈើឡើងវិញ» ដោយក្រសួងបរិស្ថានបានអះអាងថា ខ្លួនបានគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ហើយការថែរក្សាព្រៃឈើនេះ ក៏បានហុចផលប្រយោជន៍មកវិញជាបន្តបន្ទាប់ដែរ។

 


កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ស្មើនឹង ៤១%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលទំហំនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានផ្ទៃដីអភិរក្សធំក្នុងបណ្តាប្រទេសនៅអាស៊ី និងទទួលបានការកោតសរសើរពីស្ថាប័ននានាលើពិភពលោក។ ផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ភាគរយ នៃផ្ទៃដីប្រទេស។ នេះជាការគូសបញ្ជាក់របស់ក្រសួងបរិស្ថាន ក្នុងថ្ងៃទិវាព្រៃឈើអន្តរជាតិ ២១ មីនា ក្រោមប្រធានបទ «ស្តារព្រៃឈើឡើងវិញ»។

 


ក្រសួងបរិស្ថានបានលើកឡើងថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ធនធានព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានការពារ និងអភិរក្សបានយ៉ាងល្អ ទោះបីជាមានការប្រឈមខ្លះ និងបទល្មើសទ្រុងទ្រាយតូចៗនៅបន្តកើតមានក្តី។ សត្វព្រៃត្រូវបានមើលឃើញថា ចាប់ផ្តើមមានវត្តមានកើនឡើង ចំពោះប្រភេទសត្វកម្រខ្លះ និងសត្វមួយចំនួនទៀតមានចំនួនថេរ។ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងកាន់តែខ្លាំង អំពីសារៈប្រយោជន៍ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ សត្វព្រៃ ហើយពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិ បានទទួលចំណូលបន្ថែមពីការដកហូតអនុផលព្រៃឈើ និងទទួលបានផលប្រយោជន៍ពីការថែរក្សាព្រៃឈើនេះផងដែរ។ 

 


ក្រសួងបរិស្ថានបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ខណៈពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលជោគជ័យក្នុងការលក់ឥណទានកាបូនទទួលបានថវិកាចំនួន ១១,៦លានដុល្លារអាមេរិក។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីការពារនិងអភិរក្សព្រៃឈើ និងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ 

 


រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ កម្ពុជាមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ដោយផ្អែកតាមកម្រិតយោងព្រៃឈើ កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ ១០លានតោន/ឆ្នាំ។

 


ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់លើការដាំដើមឈើស្តារគម្របព្រៃឈើនៅតំបន់រិចរិល ដោយក្នុងមួយឆ្នាំៗ កូនឈើរាប់សែនដើមត្រូវបានដាំនៅតាមតំបន់នានា។ ក្រៅពីនេះ ការសន្សំសំចៃការប្រើប្រាស់អុសដុត និងធ្យូង ជាពិសេសការបង្កើតចម្ការឈើដាំដើម្បីប្រើប្រាស់ក្នុងវិស័យសំណង់ គឺបានជួយកាត់បន្ថយសម្ពាធមកលើឈើធម្មជាតិផងដែរ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024