ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជា កំណត់យកខេត្តចំនួន៤ ដើម្បីការពារព្រៃឈើ និងធនធានជលផលដំណាក់កាលទី២

៣១ សីហា ២០១៧ | ព័ត៌មានជាតិ

អង្គការអភិរក្សសត្វព្រៃឈើ ក្រសួងបរិស្ថាន និងប្រជាសហគមន៍ នៅថ្ងៃទី៣០ សីហា បានដាក់ទិសដៅកំណត់រួមគ្នា ជាដំណាក់កាលទី២ ដើម្បីថែរក្សាការពារធនធានធម្មជាតិព្រៃឈើ និងគ្រប់គ្រងវិស័យជលផលប្រកប​​​ដោយនិរន្តរភាព ក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ។ ការកំណត់នេះ បានធ្វើឡើង ខណៈតំបន់ធម្មជាតិក្នុងខេត្តទាំង ៤ ប្រឈមនឹងការបំផ្លិចបំផ្លាញ។

 

តំបន់សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍អភិរក្សការពារប្រមាណ​ជិត ៤០០ សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃសរុបចំនួន ៤សែន៣ម៉ឺនហិចតា ត្រូវបានអង្គការ WWF មន្រ្តីក្រសួងបរិស្ថាន និងប្រជាសហគមន៍ ឯកភាពគ្នា ចាត់បញ្ចូលជាតំបន់ ដែលពង្រឹងការការពារគ្រប់គ្រងអភិរក្សព្រៃឈើ និងវិស័យជលផល កុំឲ្យ​បាត់បង់ និងទាញយកផលប្រយោជន៍ តាមរយៈការ​បង្កើតទីកន្លែងទេសចរណ៍។

រូបភាព ពី WWF-Cambodia។

 

 

លោក សេង ទៀក នាយកអង្គការអភិរក្សសត្វព្រៃ WWF ប្រចាំកម្ពុជា ថ្លែងថា ព្រៃឈើ និងធនធានសត្វគ្រប់ប្រភេទនៅតំបន់ខេត្តទាំង ៤ខាងលើ កំពុងប្រឈមខ្ពស់ពីការរំលោភបំផ្លិចបំផ្លាញ។ ដូច្នេះ គោលដៅកម្មវិធីដៃគូការពារព្រៃឈើ និងជលផលដំណាក់ទី២នេះ នឹងផ្តល់ចំណេះដឹងសមត្ថភាពពីសារៈសំខាន់នៃការចូលរួមអភិរក្សព្រៃឈើ និងសត្វកម្រផ្សេងៗ ក្នុងតំបន់ដែលពួកគាត់រស់នៅផ្ទាល់ សម្រាប់បង្កើនចំណូលដល់សហគមន៍ដោយនិរន្តរភាព។

 

 

លោកបន្តថា ក្នុងកិច្ចការពារព្រៃឈើ ដំណាក់កាល​ដំបូង នៅខេត្តទាំង ៤ បាន​សម្រេចជោគជ័យគួរឲ្យ​កត់សម្គាល់ ដោយពលរដ្ឋចេះកែច្នៃទីធម្មជាតិ ក្លាយមកជាទីកន្លែងទស្សនាសត្វព្រៃ ​ឬការផលិតទឹកឃ្មុំ ជាដើម។

 

អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ឯកឧត្ត​ម​ ភាវ សុវុទ្ធី ក៏បានចាត់ទុកពីគម្រោងភាពជាដៃគាំទ្រសហគមន៍នេសាទ និងព្រៃឈើនេះថា ជាសកម្មភាពដ៏ចម្បងមួយ ដែលឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តរដ្ឋាភិបាលកម្ពុជា លើកិច្ចការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិបៃតង​។

 

ឯកឧត្តម​ ជឿជាក់ថា នៅពេលអនុវត្តគម្រោងគាំពារធម្មជាតិដាក់ចេញ នឹង​ទទួលបានជោគជ័យ ដោយការ​ចូលរួមបន្ថយកាត់ភាពក្រីក្រដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ដែលពឹងអាស្រ័យលើធនធានធម្មជាតិ។

 

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសហគមន៍ព្រៃឈើ តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទជាង ១ពាន់កន្លែង និងមានកន្លែងអភិរក្សជីវៈចម្រុះ ៤៨កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីជាង ៥លានហិចតា។ រីឯច្រករបៀងជីវៈចម្រុះ មានផ្ទៃដីប្រមាណ ១,៥ លានហិចតា៕

 

ប្រភព៖ PNN News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024